អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា លោក Elon Musk បានចោទប្រកាន់រដ្ឋាភិបាល ចក្រភពអង់គ្លេស ពីបទបង្ក្រាបសេរីភាព នៃការបញ្ចេញមតិ បន្ទាប់ពីមន្ត្រីបានគំរាមកំហែងហាមឃាត់កម្មវិធី Grok ជា AI chatbot របស់វេទិកា X របស់លោក ជុំវិញរបាយការណ៍ថា វាបង្កើតរូបភាព deepfake ស្រើបស្រាលមិនបានព្រមព្រៀងគ្នា របស់ស្ត្រី និងកុមារ។
អង្គការឃ្លាំមើលទំនាក់ទំនងអង់គ្លេស Ofcom បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត សមត្ថភាពរបស់កម្មវិធី Grok ក្នុងការបង្កើតរូបភាពផ្លូវភេទ ដែលមានប្រភពមកពីរូបថត របស់មនុស្សពិត ។
លោកស្រី Liz Kendall រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាចក្រភពអង់គ្លេស បាននិយាយថា លោកស្រីនឹងគាំទ្រ Ofcom ប្រសិនបើវារារាំងការចូលប្រើ chatbot ទូទាំងប្រទេស។
នៅថ្ងៃសៅរ៍ អ្នកប្រើប្រាស់ X ម្នាក់បានចង្អុលបង្ហាញថា Gemini របស់ Google និង ChatGPT របស់ OpenAI ក៏នឹងបង្កើត deepfakes ឈុតប៊ីគីនីរបស់មនុស្ស នៅពេលត្រូវបានសួរ ដោយបានបង្ហោះរូបថតឈុតប៊ីគីនីចំនួន ២ សន្លឹករបស់នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ពី chatbot ទាំងពីរ។
លោក Elon Musk បានឆ្លើយតបថា ពួកគេគ្រាន់តែចង់បង្ក្រាបសេរីភាព នៃការបញ្ចេញមតិ។ មួយថ្ងៃមុននេះ X បានប្រកាសថា ឧបករណ៍បង្កើត និងកែសម្រួលរូបភាពរបស់ Grok ត្រូវបានកំណត់ចំពោះតែអ្នកជាវ ដែលបង់ប្រាក់ប៉ុណ្ណោះ។ លោក Musk ក៏បានព្រមានផងដែរថា អ្នកណាដែលប្រើប្រាស់វេទិកានេះដើម្បីបង្កើតខ្លឹមសារខុសច្បាប់នឹង ប្រឈមមុខនឹងផលវិបាកផ្នែកច្បាប់ដូចគ្នានឹងពួកគេបានផ្ទុកឡើងវាដោយផ្ទាល់ដែរ៕
