ខេត្តកណ្តាល៖ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបើកកិច្ចប្រជុំ និងចាប់ឆ្នោតកីឡាប៉េតង់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល។

លោក ពេជ្រ ណារ៉េត អនុប្រធានការិយាល័យកីឡាតំណាងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទររូបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ឆ្នាំ២០២៦ ប្រព្រឹត្តិចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៦ លើកីឡា ២ ប្រភេទ កីឡាបាល់ទាត់ និងប៉េតង់។ ចំពោះកី ឡាប៉េតង់មានចំនួន ៤៥ ក្រុម ក្នុងនោះក្រុមកីឡាប៉េតង់វ័យចាស់ចំនួន ៣៦ ក្រុម ក្រុមកីឡាប៉េតង់យុវជនចំនួន ៦ នាក់ និងក្រុមកីឡាប៉េតង់យុវតីចំនួន ៣នាក់។ ចំណែកក្រុមកីឡាប៉េតង់វ័យចាស់ចំនួន ៣៦ ក្រុម បែងចែកចេញជា ៨ ពូល និងធ្វើការប្រកួតនៅទីលានប៉េតង់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល ទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន សេរីភាព និងទីលានប៉េតង់ក្នុងពហុកីឡដ្ឋានបាល់ទាត់ខេត្ត។

លោកអនុប្រធានការិយាល័យកីឡា បានបន្តថា ការប្រកួតឆ្នាំនេះក្រុមកីឡាប៉េតង់វ័យចាស់មានកើនឡើងគួរឲ្យកត់សម្គាល់ និងលើសពីការរំពឹងទុក លោកគ្រោងប្រហែលមាន ២៤ ក្រុម ប៉ុន្តែមានការចុះឈ្មោះរហូតដល់ចំនួន ៣៦ ក្រុម ដែលបានបង្ហាញថា វិស័យកីឡាខេត្តកណ្តាលមានការរីកចម្រើនខ្លាំងទំាងវ័យចាស់ យុវជន-យុវតី និងកុមារ ។

ចំណែកក្រុមបាល់ទាត់មានចំនួន ៦ ក្រុម ដោយចែកចេញជា ២ ពូល គឺពូល A និងពូល B។ ចំពោះពូល A មាន ៣ ក្រុម គឺក្រុមបាល់ទាត់ SCV FC ក្រុមបាល់ទាត់ ស្អាង យើង ស្អាត និងក្រុមបាល់ទាត់ ព្រះនរាយណ៍ ចំណែកពូល B ក្រុមបាល់ទាត់ ME FC ក្រុមបាល់ទាត់ ឈិន ចាំង និងក្រុមបាល់ទាត់ ធី អិន (TN) កណ្តាល FC ។

ចំពោះវិញ្ញាសាកីឡាបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ ដែលជាផែនការមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលក្នុងការអភិឌ្ឍនកីឡាបាល់ទាត់យុវជនរបស់ខេត្តកណ្តាល បន្ទាប់ពីថ្នាក់ដឹកខេត្តបានសំឡឹងមើលឃើញវិស័យកីឡាបាល់ទាត់យុវជន មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៃសកម្មភាពការប្រកួតនានាដែលមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាលបានរៀបចំការប្រកួតរាល់ឆ្នាំ។លោកបានបន្តថា ចំណែកកីឡាប៉េតង់មាន ៣ វិញ្ញាសា រួមមានវិញ្ញាសាយុវជន ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសានារី ៣ នាក់ ទល់ ៣ នាក់ និងវិញ្ញាសាវ័យចាស់ ៣ នាក់ ទល់ ៣ នាក់ ៕






ដោយ៖ លី ភីលីព
