ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពជា បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ សម្រាប់ចលនាកីឡា អូឡាំពិកកម្ពុជា យើងកំពុងធ្វើការមួយដើម្បីប្រជាជនខ្មែរ និងអត្តពលិកកម្ពុជាមានសង្ឃឹម ព្រមទាំងយកចិត្តទុកដាក់នឹងចលនាកីឡាអូឡាំពិក និងដៃគូពាក់ព័ន្ធទំាងអស់ ដូច្នេះហើយថ្ងៃនេះទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីលោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្ម អាមេរិក នៅកម្ពុជា (AmCham) មកពង្រឹកឲ្យកម្មវិធីនេះប្រព្រឹត្តទៅ បានយ៉ាងរលូនមានទំនុកចិត្ត សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា ។

លោកបានលើកឡើងក្នុងឱកាសគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC)នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នេះបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការប្រកាសបើកយុទ្ធនាការសហការ និងស្វែងរកការឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឡូសអេនជឺលេស ឆ្នាំ២០២៨ (LA Olympic Games 2028) នៅអាមេរិកជាមួយសភាពាណិជ្ជកម្ម អាមេរិកប្រចាំកម្ពុជា (AmCham) នៅទីសា្នក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពជា (NOCC)។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា សំខាន់មួយទៀត គឺទទួលបានការគាំទ្រពីស្ថានទូត សហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា ជាការគាំទ្រផ្នែកកីឡាដ៏សំខាន់បំផុតសម្រាប់កីឡាកម្ពុជា ធ្វើឲ្យប្រជាជនប្រទេសទំាង ២ កាន់តែមានសិទ្ធស្នាលនឹងគ្នា ។ លោកបានត្រៀមខ្លួន រៀបចំយុទ្ធនាការសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ឡូសអេនជឺលេស ឆ្នាំ២០២៨ (LA Olympic Games 2028)នៅអាមេរិក មានការផ្សព្វផ្សាយកាន់តែខ្លាំង ឡើងនៅទូទំាងប្រទេស។

ចំណែកលោក ខេស៊ី បាណេត ក៏បានមានប្រសាសន៍ថា ថ្ងៃនេះ យើងចាប់ផ្តើមកម្មវិធីប្រមូលថវិកា ដោយមានការឧបត្ថម្ភ ពីក្រុមហ៊ុនអាមេរិកមួយ ចំនួនសម្រាប់គាំទ្រ កីឡាករ-កីឡាការិនីកម្ពុជា ក្នុងការហ្វឹកហាត់ត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ឡូសអេនជឺលេស ឆ្នាំ២០២៨ (LA Olympic Games 2028)នៅអាមេរិក។ ថវិកាគាំទ្រគ្របង្វឹក និងអត្តពលិកអាមេរិកមិនបានមកពីរដ្ឋាភិបាលឡើយ គឺទទួលបានពីការគាំទ្ររបស់ក្រុមហ៊ុនឯកជនផ្តល់ការឧបត្ថម្ភ ប្រសិនបើពឹងផ្នែកលើថវិកាជាតិមិនគ្រប់គ្រាន់ ។

លោក ខេស៊ី បាណេត បានបន្តថា នៅប្រទេសកម្ពុជា យើងអាចនឹង អនុវត្តដូចគ្នានៅអាមេរិកដែរ ដោយយើងត្រូវប្រមូលក្រុមហ៊ុន ជួយឧបត្ថម្ភគាំទ្រកីឡាករ-កីឡាការិនីកម្ពុជាសម្រាប់កេរ្តិ៍ឈ្មោះ និងភាពជោគជ័យខ្មែរ។ លើកពីនេះការគាំទ្រកីឡា គឺគាំទ្រគោលការណ៍ចំនួន ២ គឺទី១ ភាពជាកីឡាករ-កីឡាការិនី រួមមានភាពស្មោះត្រង់ ការគោពរច្បាប់ និងទី២ ការពុះពារឧបសគ្គគ្រប់បែបយ៉ាង នេះជាគោលការណ៍សំខាន់ ក្នុងការអភិឌ្ឍនប្រទេសកម្ពុជា ឲ្យមានការកំនើនសេដ្ឋកិច្ច។

ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU)នេះ ដោយមានការអញ្ជើញចូលរួមពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពជា (NOCC)តំណាងលោកបណ្ឌិត ទេសរដ្ឋមន្ដ្រី ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិក លោក Benjamin Chiang ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោក ខេស៊ី បាណេត ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) ព្រមទាំងអ្នកតំណាងសហព័ន្ធកីឡាជាតិ៕


