ឥណ្ឌូនេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ីបានចាត់វិធានការដែលមិនធ្លាប់មានពីមុនមក ដោយហាមឃាត់កីឡាករបាល់ទាត់ ២ នាក់មិនឲ្យលេងបាល់អស់មួយជីវិត បន្ទាប់ពីមានឧប្បត្តិហេតុហិង្សាជាបន្តបន្ទាប់ ដែលបានធ្វើឲ្យលីគក្នុងស្រុករបស់ប្រទេសស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភ។
ការដាក់ទណ្ឌកម្មនេះបានកើតឡើង បន្ទាប់ពីហេតុការណ៍ដ៏គួរឲ្យរន្ធត់ចំនួន២ ក្នុងការប្រកួតលីគទី ៤ បានកើតឡើងក្នុងខែមករា។ ក្នុងអំឡុងពេលនៃការប្រកួតរវាងសាកលវិទ្យាល័យ Universitas Ahmad Dahlan (UAD) និង Kampungqu Football Indonesia (KAFI) កាលពីថ្ងៃទី ៨ ខែមករា កីឡាករ Dwi Pilihanto Nugroho បានទាត់ Amirul Mutaqin ចំក្បាលនៅនាទីទី ៧៨។
ខណៈអាជ្ញាកណ្តាលដំបូងបានចេញកាតលឿង កីឡាករ Mutaqin ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការឈឺចាប់ថ្គាមធ្ងន់ធ្ងរ ហើយត្រូវឆ្លងកាត់ការស្កេនកាំរស្មីអ៊ិច។ លទ្ធផលបានបង្ហាញថា មិនមានឆ្អឹងបាក់ទេ ប៉ុន្តែកីឡាករ Mutaqin នៅតែមានអារម្មណ៍ឈឺចាប់នៅពេលនិយាយ និងទំពារ តម្រូវឲ្យមានការត្រួតពិនិត្យបន្ថែមរយៈពេល ៦-៧ ថ្ងៃ និងប្រហែលជាការស្កេន CT ប្រសិនបើស្ថានភាពមិនប្រសើរឡើង។
ការស៊ើបអង្កេតជាបន្តបន្ទាប់ដោយគណៈកម្មាធិការវិន័យ PSSI បាននាំឲ្យកីឡាករ Nugroho ត្រូវបានហាមឃាត់មិនឲ្យចូលរួមសកម្មភាពបាល់ទាត់ទាំងអស់ និងត្រូវបានក្លឹបរបស់គាត់បណ្តេញចេញភ្លាមៗ។
នេះបើយោងតាមការដកស្រង់សម្តីរបស់ CNN Indonesia បាននិយាយថា លោក Muhammad Hasanudin អ្នកចាត់ការទូទៅ KAFI បាននិយាយថា សង្ឃឹមថា ហេតុការណ៍នេះនឹងបម្រើជាមេរៀនសម្រាប់កីឡាករទាំងអស់ និងអ្នកពាក់ព័ន្ធនឹងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី ហើយនឹងការពារកុំឲ្យកើតឡើងម្តងទៀតនាពេលអនាគត។
នេះបើយោងតាមការចុះផ្សាយរបស់ beIN SPORTS បាននិយាយថា ត្រឹមតែ ៣ ថ្ងៃមុននេះ ការប៉ះទង្គិចគ្នាដោយហិង្សាមួយទៀតបានកើតឡើងក្នុងអំឡុងពេលការប្រកួតរវាង Putra Jaya និង Perseta 1970 Tulungagung ក្នុងលីគ Liga 4។ លោក Muhammad Hilmi Gimnastiar របស់ក្រុម Putra Jaya បានទាត់ “ស្ទីលកុងហ្វូ” ទៅលើទ្រូងរបស់ Firman Nugraha Adhiansyah។
សមាគមបាល់ទាត់ជ្វាខាងកើត (PSSI Jatim) បានឆ្លើយតបដោយការដាក់បម្រាមពេញមួយជីវិតលើ Gimnastiar និងពិន័យជាប្រាក់ចំនួន ២.៥ លានរូពី (១៤៨ ដុល្លារអាមេរិក)។ ដូច KAFI ដែរ Putra Jaya បានបញ្ចប់កិច្ចសន្យារបស់ Gimnastiar ភ្លាមៗ៕
