ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងបិទការប្រើប្រាស់ Grok AI របស់លោក Elon Musk ដោយចូលរួមជាមួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍

ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានគម្រោងបិទការប្រើប្រាស់កម្មវិធី Grok របស់មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិកលោក Elon Musk នៅយប់នេះ ដោយចូលរួមជាមួយប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ គឺម៉ាឡេស៊ី និងឥណ្ឌូនេស៊ីក្នុងការហាមឃាត់ការចូលប្រើ chatbot នេះដែរ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ព័ត៌មាននេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីការពារ Chatbot របស់ខ្លួនពីការដោះរូបភាពរបស់មនុស្សពិត រួមទាំងកុមារ ចំពេលមានប្រតិកម្មកាន់តែខ្លាំងឡើងទូទាំងពិភពលោកលើ Deepfakes ផ្លូវភេទដែលបង្កើតឡើងដោយ AI និងការចាប់ផ្តើមនៃការស៊ើបអង្កេតក្នុងរដ្ឋកាលីហ្វ័រញ៉ា អាមេរិក។

លោក Henry Rhoel Aguda រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍បានប្រាប់សន្និសីទសារព័ត៌មានមួយដោយប្រកាសពីការសម្រេចចិត្តនេះថា យើងត្រូវសម្អាតអ៊ីនធឺណិតឥឡូវនេះ ពីព្រោះខ្លឹមសារពុលជាច្រើនកំពុងលេចឡើង ជាពិសេសជាមួយនឹងការមកដល់នៃ AI។

លោក Renato Paraiso នាយកប្រតិបត្តិស្តីទីនៃមជ្ឈមណ្ឌលឧក្រិដ្ឋកម្មតាមអ៊ីនធើណេតរបស់ប្រទេសនេះ បានប្រាប់ AFP ថា ការរារាំងនេះនឹងចូលជាធរមានក្នុងរយៈពេលមួយថ្ងៃ។ លោក Paraiso បានបន្តថា នៅយប់នេះ ឬក្នុងថ្ងៃនេះ យើងរំពឹងថា (Grok) នឹងត្រូវបានរារាំងនៅក្នុងប្រទេសហ្វីលីពីនទាំងមូល។

លោក Paraiso បានបញ្ជាក់ថា យើងរំពឹងថាក្រុមហ៊ុនទូរគមនាគមន៍នឹងអនុវត្តតាមបទបញ្ជា (គណៈកម្មការទូរគមនាគមន៍ជាតិ) ភ្លាមៗ ដូច្នេះជាការពិតណាស់ យើងនឹងតាមដានវា។ លោកបានបន្ថែមថា ការសន្យារបស់បណ្តាញសង្គម X ក្នុងការកំណត់ការចូលប្រើនឹងមិនមានឥទ្ធិពលលើផែនការរបស់រដ្ឋាភិបាលទេ។

លោក Paraiso បានបន្តថា យើងមិនអាចធ្វើការសម្រេចចិត្តដោយផ្អែកលើការប្រកាសបានទេ” ដោយបន្ថែមថាពួកគេនឹងតាមដានមើលថាតើវេទិកានេះអនុវត្តតាមការសន្យារបស់ខ្លួនឬអត់។

ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃសៅរ៍បានក្លាយជាប្រទេសដំបូងគេដែលរារាំងការចូលប្រើ Grok ទាំងស្រុង ដោយប្រទេសម៉ាឡេស៊ីនឹងធ្វើតាមនៅថ្ងៃបន្ទាប់៕

Most Popular

To Top