ព័ត៌មានអន្តរជាតិ

អាមេរិក និងតៃវ៉ាន់ ចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ពាណិជ្ជកម្មទឹកប្រាក់ ២៥០ ពាន់លានដុល្លារ ដោយកាត់បន្ថយពន្ធ លើទំនិញតៃវ៉ាន់

ហុងកុង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អាមេរិក និងតៃវ៉ាន់ បានឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម មួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការកាត់បន្ថយពន្ធលើទំនិញ តៃវ៉ាន់ជាថ្នូរនឹងការវិនិយោគថ្មីដែលមានចំនួនទឹកប្រាក់ ២៥០ ពាន់លានដុល្លារក្នុង ឧស្សាហកម្មបច្ចេកវិទ្យារបស់អាមេរិក។

កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងចុងក្រោយបំផុត ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេច ដូចជាកិច្ចព្រមព្រៀង ជាមួយ សហភាពអឺរ៉ុប និងជប៉ុន ចាប់តាំងពីលោកបានបង្ហាញ ផែនការពន្ធយ៉ាង ទូលំទូលាយកាលពីខែមេសាឆ្នាំមុន ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម។ លោក Donald Trump ក៏មានបទឈប់បាញ់ពាណិជ្ជកម្ម រយៈពេលមួយឆ្នាំជាមួយប្រទេសចិន ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង ជាមួយប្រទេសមានសេដ្ឋកិច្ច ធំជាងគេទី២លើ ពិភពលោក។

ដំបូងឡើយលោក Donald Trump បានកំណត់ពន្ធនៅ ៣២ ភាគរយ លើទំនិញតៃវ៉ាន់ ប៉ុន្តែក្រោយមកបាន ផ្លាស់ប្តូរ វាមកត្រឹម ២០ ភាគរយ ។ កិច្ចព្រមព្រៀងថ្មីនេះ កាត់បន្ថយអត្រាពន្ធមកត្រឹម ១៥ភាគរយ ដូចគ្នានឹងការយកពន្ធលើដៃ គូពាណិជ្ជកម្មផ្សេងទៀតរបស់អាមេរិកនៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាជប៉ុន និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ នឹងបង្កើតភាពជាដៃគូសេដ្ឋកិច្ចដើម្បីបង្កើតសួនឧស្សាហកម្ម លំដាប់ពិភពលោកជាច្រើននៅអាមេរិក ដើម្បីជួយកសាងផលិតកម្មក្នុងស្រុក ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មប្រវត្តិសាស្ត្រមួយ ដែលនឹងជំរុញឲ្យមានការ ផ្លាស់ប្តូរវិស័យអេឡិចត្រូនិក របស់អាមេរិកឡើងវិញយ៉ាងច្រើន”។

រដ្ឋាភិបាលតៃវ៉ាន់ បានបញ្ជាក់ពីព័ត៌មានលម្អិតសំខាន់ៗ នៅកិច្ចព្រមព្រៀងនេះ ក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា គំរូតៃវ៉ាន់ នឹង ទៅដល់អាមេរិក និងជួយពង្រីក ការប្រកួតប្រជែងសកល នៃឧស្សាហកម្មបច្ចេកវិទ្យា របស់កោះនេះ ខណៈពេលដែលកំពុងពង្រឹងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

សាខាប្រតិបត្តិរបស់តៃវ៉ាន់បាននិយាយថា ក្រុមហ៊ុនរបស់កោះនេះ នឹងវិនិយោគជាពិសេសចំនួន ២៥០ ពាន់លានដុល្លារនៅក្នុងឧស្សាហកម្មដូចជា អេឡិចត្រូនិក កម្មវិធីបញ្ញាសិប្បនិម្មិត និងថាមពល៕

Most Popular

To Top