កីឡា

កីឡាករ តំាង លីម៉េង និងកីឡាករ ឃុន ប៊ុនថុង ឈ្នះមេដាយមាស ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព និងពានរង្វាន់ក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូហ្គ្រីន ថាឃអឺ

ភ្នំពេញ ៖ កីឡាករ តំាង លីម៉េង និងកីឡាករ ឃុន ប៊ុនថុង ដណ្តើមបានមេដាយមាស ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព និងពានរង្វាន់ក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) លើកទី១ ឆ្នាំ២០២៦ រៀបចំដោយក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃ ក្រោមសហការបច្ចេកទេសជាមួយ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូ ហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) នៅតាំងក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បិទការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា តំណាងលោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ឃុន ប៊ុនថុង អគ្គនាយកក្រុមហ៊ុន សំបកកង់រថយន្តម៉ាក អូតូហ្គ្រីនថាយអឺ និងលោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។

លោក បេងហុង សុជាតិសិលា បានមានប្រសាសន៍ថា ការប្រកួតនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដ៏មានតម្លៃ គឺដើម្បីប្រមូលមូល និធិស្ម័គ្រចិត្តតាមរយៈអគ្គនាយកដ្ឋានកីឡា ជួយឧបត្ថម្ភដល់វីរៈកងទ័ព និងជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម បង្កឡើងពីប្រទេសជិតខាង។
ជាមួយគ្នានេះដែរ ក៏មានបំណងលើកកម្ពស់សុខភាព បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារកីឡាវាយកូនឃ្លីលើតុតែមួយ។ ការចូលរួមរបស់កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការគោរពគ្នា និងការស្រឡាញ់កីឡា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាជាតិឲ្យរីកចម្រើនបន្តទៅមុខ ។

លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បាននិយាយថា ការប្រកួតមានកីឡាករចំនួន ៦២ នាក់ យើងបែងចែកចេញ ៨ ពូល ក្នុងពូលនីមួយៗ មាន ៤ ក្រុម។ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជន សិស្ស-និស្សិតនៅតាម រាជធានី-ខេត្ត លើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ។
សហព័ន្ធបានធ្វើផែនការ យុទ្ធសាស្ត្រដូចជាបំផុសស្មារតី និងបណ្តុះបណ្តាល បច្ចេកទេសគ្រូ បន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា ត្រៀមបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងបញ្ចូនកីឡាករ កីឡាការិនី និង គ្រូមួយចំនួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន និងកីឡាករ កីឡាការិនីថ្នាល ចូលហ្វឹកហាត់ដើម្បីត្រៀមកីឡា យុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ នាឆ្នាំ២០៣១ ។
កីឡាករ តំាង លីម៉េង និងកីឡាករ ឃុន ប៊ុនថុង ដណ្តើមបានមេដាយមាស កីឡាករ ជា លាងហេង និងកីឡាករ ថៃ ចំរើន ដណ្តើមបានមេដាយប្រាក់ និងកីឡាករ យឹម វិសាល និងកីឡាករ ថុន ថមមី ដណ្តើមបានមេដាយសំរិទ្ធ៕

Most Popular

To Top