កីឡា

លោក វ៉ាត់ ចំរើន និងលោក កែ ប៊ុនខៀង ដឹកនាំកិច្ចប្រជុំគណៈកម្មការអនុវត្តវាយតម្លៃ និយាមសហព័ន្ធកីឡាជាតិ ដើម្បីពិនិត្យគុណវុឌ្ឍិ សហព័ន្ធកីឡាជាតិ

ភ្នំពេញ ៖ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងប្រធានគណៈកម្មការអនុវត្តវាយតម្លៃនិយាម សហព័ន្ធកីឡាជាតិ (គ.វ.ស.) និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ និងអនុប្រធានគណៈកម្មការអនុវត្តវាយតម្លៃនិយាមសហព័ន្ធកីឡាជាតិ នៃក្រសួងអប់រំ យុវជន និងកីឡាបានដឹកដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យគុណវុឌ្ឍិសហព័ន្ធកីឡាជាតិ ស្របតាមលក្ខណៈវិនិច្ឆ័យ សម្រាប់វាយតម្លៃនៅសាលប្រជុំ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកកីឡា អគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រុមប្រឹក្សាកីឡា លោកប្រធាន អនុប្រធានអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ព្រមទាំងតំណាង NOCC CADA សហព័ន្ធកីឡាខ.ភ.ព ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ កីឡាអូឡាំពិក កីឡាមិនអូឡាំពិក និងនាយកដ្ឋានជំនាញ ពាក់ព័ន្ធក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ។

លោក វ៉ាត់ ចំរើន ប្រធានគណៈកម្មការអនុវត្តវាយតម្លៃ និយាមសហព័ន្ធកីឡាជាតិ (គ.វ.ស.) បានមានប្រសាសន៍ថា នាពេលព្រឹកគណៈកម្មការ អនុវត្តវាយតម្លៃនិយាម សហព័ន្ធកីឡាជាតិបើកកិច្ចប្រជុំធ្វើយ៉ាងណាង ដើម្បីវាយតម្លៃសហព័ន្ធជាតិ ឲ្យបានត្រឹមត្រូវ ពីព្រោះសហព័ន្ធជាតិ ទទួលបានការគាំទ្រថវិកា ប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡាដំណើរការការងាររបស់សហព័ន្ធ ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងវាយតម្លៃ លើសហព័ន្ធជាតិ ទៅលើលក្ខខណ្ឌចំនួន ៣ ចំណុច ធំរួមមាន គុណផលកីឡា សក្តានុពលនៃលទ្ធផល បច្ចេកទេសក្នុងព្រឹត្តការណ៍ការប្រកួតកីឡា SEA GAME 2023 នៅកម្ពុជា ជាគោល ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ បានបន្តថា ទី២ វាយតម្លៃទៅលើការរីកចម្រើន និងប្រជាប្រិយភាពរបស់សហព័ន្ធដូចជាកីឡាករ-កីឡាការិនី និងក្លិបកីឡា ជាពិសេសការចូលរួម ក្នុងសង្គមនាពេលបច្ចុប្បន្ន។ ចំណុចចុងក្រោយ វាយតម្លៃទៅលើការដឹកនាំ និងគ្រប់គ្រង (អភិបាលកិច្ច) របស់សហព័ន្ធជាតិ ដោយផ្តោតលើប្រក្រត្រីភាពនៃដំណើរដឹកនាំគ្រប់គ្រង និងការធ្វើសកម្មភាពចម្រើនសេវារដ្ឋបាលកីឡាទៀងទាត់ ។ ពិសេស សកម្មភាពកីឡាជំនាញ ការហាត់ហ្វឹកហ្វឺន និងការប្រកួតដែលមានលក្ខណៈសកម្ម ទៀងទាត់ជាមួយការមានទីលានកីឡា ក្លិបកីឡាផ្ទាល់ខ្លួន ៕

Most Popular

To Top