វៀតណាម៖មហាសេដ្ឋី បាល់ទាត់ជនជាតិវៀតណាម លោក Doan Nguyen Duc ម្ចាស់ក្លឹប V-League គឺ Hoang Anh Gia Lai (HAGL) បានសន្យាផ្តល់ប្រាក់ រង្វាន់ចំនួន ៣ ពាន់លានដុង (១១៤,២០០ ដុល្លារអាមេរិក) ដល់ក្រុមបាល់ទាត់វៀតណាមអាយុក្រោម ២៣ ឆ្នាំ ប្រសិនបើពួកគេយកឈ្នះ ក្រុមកូរ៉េខាងត្បូងនៃការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ នៃពានរង្វាន់អាស៊ីអាយុក្រោម ២៣ ឆ្នាំ ឆ្នាំ ២០២៦ “2026 U23 Asian Cup” ។
ដំបូងឡើយ អ្នកជំនួញរូបនេះមានបំណងផ្តល់រង្វាន់នេះសម្រាប់ក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីក្រុមនេះបានចាញ់ចិន ០-៣ យ៉ាងគួរឲ្យសោកស្ដាយ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ លោក Duc បានសម្រេចចិត្តរក្សាការផ្តល់ ជូនសម្រាប់ការប្រកួត ដណ្តើមចំណាត់ថ្នាក់លេខ ៣ ។
លោក Duc បានប្រាប់ VnExpress កាលពីថ្ងៃពុធថា ខ្ញុំដឹងថាកីឡាករមានការខកចិត្តយ៉ាងខ្លាំង ដើម្បីជំរុញស្មារតីរបស់ពួកគេ ខ្ញុំបានសម្រេចចិត្តរក្សាប្រាក់រង្វាន់ ដដែលដែលមានបំណងសម្រាប់វគ្គផ្តាច់ព្រ័ត្រ។
កញ្ចប់រង្វាន់រួមមានទឹកប្រាក់ ២ ពាន់លានដុងសម្រាប់ក្រុម និងប្រាក់រង្វាន់ដាច់ដោយឡែកចំនួន ២០០ លានដុងសម្រាប់កីឡាករម្នាក់ៗចំនួន ៥ នាក់មកពី HAGL និង Nutifood Academy៖ អ្នកចាំទី Tran Trung Kien ខ្សែការពារ Pham Ly Duc និង Nguyen Hieu Minh ខ្សែបម្រើ Nguyen Thai Quoc Cuong និងខ្សែប្រយុទ្ធ Nguyen Quoc Viet។
ពីមុន នៅថ្ងៃទី១៧ ខែមករា មួយថ្ងៃបន្ទាប់ពីវៀតណាម បានយកឈ្នះអារ៉ាប់រួម ដើម្បីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លោក Doan Nguyen Duc បានផ្តល់រង្វាន់ដល់ក្រុមភ្លាមៗជាមួយនឹងទឹកប្រាក់ចំនួន ១ពាន់លានដុង បូករួមទាំង ៥០លានដុងសម្រាប់កីឡាករវ័យក្មេងទាំង ៥ នាក់។
ទោះបីជាចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏ដោយ លោក Doan Nguyen Duc នៅតែមានមោទនភាព ចំពោះដំណើររបស់ក្រុមក្រោមការដឹកនាំ របស់គ្រូបង្វឹក Kim Sang-sik ៕
