បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុង «តាមដាន» ស្ថានការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់យ៉ាងដិតដល់ ដោយហាក់ដូចជាបានបន្តការគំរាមកំហែងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ជុំវិញការដោះស្រាយភាពចលាចលដ៏ហិង្សានេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា អ៊ីរ៉ង់ត្រូវបានវាយប្រហារដោយការតវ៉ាទ្រង់ទ្រាយធំនាពេលថ្មីៗនេះ ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច និងការដួលរលំនៃរូបិយប័ណ្ណជាតិ។ ការតវ៉ាបានកើនឡើងទាំងផ្នែកនយោបាយ និងហិង្សា ដោយទីក្រុងតេហេរ៉ង់ បានស្តីបន្ទោសការជ្រៀតជ្រែកដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាការជ្រៀតចូលនៃធាតុផ្សំ «ភេរវករ» ចំពោះភាពចលាចលនេះ។

យោងតាមតួលេខផ្លូវការចុងក្រោយបំផុត មនុស្សជាង ៣.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា រួមទាំង «ភេរវករ» ជិត ៧០០ នាក់។ ទីក្រុងតេហេរ៉ង់បានចោទប្រកាន់ម្តងហើយម្តងទៀតថា ក្រុមសកម្មប្រយុទ្ធដែលបានរៀបចំបានទទួលការណែនាំ អាវុធ និងឧបករណ៍ផ្សេងទៀតពីបរទេស ក៏ដូចជាត្រូវបានចំណាយសម្រាប់អំពើហិង្សាប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាល និងទ្រព្យសម្បត្តិសាធារណៈ។
ប្រធានាធិបតីអាមេរិកលោក ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតដល់អ៊ីរ៉ង់ជាមួយនឹងសកម្មភាពយោធាដែលអាចកើតមាន ដោយប្រាប់ក្រុមអ្នកតវ៉ាថា «ជំនួយកំពុងមកដល់»។ ប៉ុនែ្តយ៉ាងណាក៏ដោយ លោកហាក់ដូចជាបានបន្ថយវោហាសាស្ត្ររបស់លោកកាលពីចុងសប្តាហ៍មុន ដោយអះអាងថាលោកបាន «បញ្ចុះបញ្ចូល» ខ្លួនឯងមិនឱ្យវាយប្រហារអ៊ីរ៉ង់។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “យើងមានកងនាវាដ៏ធំមួយកំពុងធ្វើដំណើរក្នុងទិសដៅនោះ… ហើយប្រហែលជាយើងមិនចាំបាច់ប្រើវាទេ… យើងមាននាវាជាច្រើនកំពុងធ្វើដំណើរក្នុងទិសដៅនោះ ក្នុងករណីចាំបាច់”៕
ប្រែប្រួលៈ ណៃ តុលា
