ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសណ៍ថា ព្រឹត្តិការណ៍ Angkor Ultra Trail ត្រូវបានរៀបចំចំនួន៩លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦ ជាមួយអត្តពលិកចូលរួមត្រឹមតែ ២៣២នាក់ប៉ុណ្ណោះ ក្រោមកិច្ចសហការ រួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ជាប្រតិបត្តិករទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក មានជំនាញ និងបទពិសោធន៍ខាងរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ និងទាក់ទាញទេសចរអន្តរជាតិ មកទស្សនាកម្ពុជា។

លោកបានបន្តថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះរៀបចំឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសៀមរាបអង្គរជាគោលដៅទេសចរណ៍អន្តរជាតិ, អភិវឌ្ឍចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅ តំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុត លើពិភពលោក។

សម្រាប់ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦នេះ ទទួលបានអត្តពលិកចុះឈ្មោះសរុបចំនួន ១,៧៤០ នាក់ មកពី ៥៤ ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ កម្ពុជា, បារាំង, ចក្រភពអង់គ្លេស, អាមេរិក និងវៀតណាម ។ ទាំងនេះបញ្ជាក់ឱ្យឃើញថាតំបន់សៀមរាបអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញគឺជាកន្លែងមានសុខសន្តិភាពពេញលេញ ពោពេញដោយភាពទាក់ទាញ ហើយខ្ញុំក៏សូមអរគុណ ដល់មិត្តភក្ដិកីឡាករទាំងអស់ដែលបានជឿជាក់មកលើកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព និងភាពទាក់ទាញ។

យើងសង្ឃឹមជឿជាក់ថាព្រឹត្តិការណ៍ Angkor Ultra Trail លើកទី១០ ឆ្នាំ២០២៧ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀតជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើន របស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងតំបន់ ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”។


ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Phoenix Voyages និងដៃគូឧបត្ថម្ភ ដែលបានបន្តកិច្ចសហការរួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំ ព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញនេះប្រកបដោយជោគជ័យ ហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះ លោក Édouard George ដែលបានឧបត្ថម្ភអង្ករ ៥តោន ជូនដល់បងប្អូនពលរដ្ឋភៀសសឹក ផងដែរ។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា រដ្ឋបាល ខេត្តសៀមរាប គ្រឹះស្ថានអង្គរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ទីរសុខាភិបាល និងភាគីពាក់ព័ន្ធដែលបានសហការរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងការសង្គ្រោះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពីព្រោះព្រឹត្តិការណ៍នេះមានការរៀបចំលក្ខណៈបច្ចេកទេសកីឡាប្លែកពីព្រឹត្តិការណ៍កីឡាមុនៗ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការយ៉ាងជិតស្និតបំផុត។ ខ្ញុំក៏សូមអរគុណ ដល់អត្តពលិកជាតិ-អន្តរជាតិ ដែលបានបន្តចូលរួមគាំទ្រព្រឹត្តិការណ៍កីឡានេះ ហើយ យើងក៏មានការសោកស្តាយបំផុត ដែលមានអត្តពលិកម្នាក់បានបាត់បង់ជីវិត៕
