ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិ កីឡា បានដឹកនាំកិច្ចប្រជុំមន្រ្តីជំនាញ និងសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទ កីឡាដើម្បីត្រៀម ខ្លួនរៀបចំការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ និង ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ នៅសាលប្រជុំនាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិ កីឡាក្នុងពហុកីឡដ្ឋានជាតិ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិ កីឡា បានប្រាបឲ្យដឹងថា ការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន ១២ ប្រភេទកីឡា។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តទាំងអស់មានសិទ្ធិ ចុះឈ្មោះបញ្ជូនអត្តពលិក តំណាងឲ្យរាជធានី ខេត្តរបស់ខ្លួន មកចូលរួមការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ទៅតាមចំនួន និយាមនៅ ក្នុងបទបញ្ជាបច្ចេកទេស នៃប្រភេទកីឡានីមួយៗ ។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និង ស្ថិតិ កីឡា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី ត្រូវតែជាសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សានៅរាជធានី ខេត្តរបស់ខ្លួន ដែលមានអាយុមិនលើស ១២ឆ្នាំ ដែលមានឆ្នាំកំណើត២០១៤ ។ កីឡាករ-កីឡាការិនី ត្រូវមានឯកសារបញ្ជាក់ (សេចក្តីចម្លងសំបុត្រ កំណើត(ត្រាក្រហម) ត្រូវមានឯកសារប សៀវភៅស្នាក់នៅ (ថតចម្លង) និងប័ណ្ណសម្គាល់ខ្លួនសិស្សដែលមានបិទរូបថត ត្រាសាលា)។
ចំណែកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ ក៏មានចំនួន ១២ ប្រភេទកីឡាដែរ ។
គ្រឹះស្ថានឧត្តមសិក្សា និង មធ្យមសិក្សា បច្ចេកទេសសាធារណៈ និងឯកជនទាំងអស់មានសិទ្ធិ ចុះឈ្មោះអត្តពលិក តំណាងឲ្យគ្រឹះស្ថានសិក្សារបស់ខ្លួន មកចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ តាមចំនួននិយាមកំណត់ នៅក្នុងបទបញ្ជាបច្ចេកទេស នៃប្រភេទ កីឡានីមួយៗ។
កីឡាករ-កីឡាការិនី ត្រូវតែជានិស្សិត ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ (មិន មែនវគ្គខ្លី) នៅគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជនដែលមា អាយុតិចបំផុត ១៨ឆ្នាំ និងមិនលើស ២៥ ឆ្នាំ មានឆ្នាំកំណើត ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០១ ។

កីឡាករ-កីឡាការិនី ត្រូវមានអត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) និងប័ណ្ណសម្គាល់ខ្លួនជានិស្សិត ដែលចេញដោយសាមី គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ។ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសាធារណៈ និងឯកជនទាំងអស់ត្រូវធានាលើសុខភាព របស់អត្តពលិករបស់ខ្លួនថា អាចលេងកីឡាបាន៕




