កីឡា

អតីតប្រធាន FIFA លោក Sepp Blatter ចូលរួមជាមួយអ្នកអំពាវនាវ ឲ្យធ្វើពហិការ World Cup នៅអាមេរិក

ទីក្រុងហ្សឺណែវ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អតីតប្រធាន FIFA លោក Sepp Blatter កាលពីថ្ងៃចន្ទបានគាំទ្រ សំណើធ្វើពហិការរបស់អ្នកគាំទ្រ ចំពោះការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup” នៅសហរដ្ឋអាមេរិក ដោយសារតែអាកប្បកិរិយា របស់ប្រធានាធិបតី លោក Donald Trump និងរដ្ឋបាលរបស់លោកទាំងក្នុងស្រុក និងក្រៅប្រទេស ។

លោក Blatter ជាឥស្សរជនបាល់ទាត់អន្តរជាតិ ចុងក្រោយបង្អស់ បានសួរអំពីភាពសមស្រប របស់អាមេរិក ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ។ លោកបានអំពាវនាវឥ្យមានការធ្វើពហិការ ក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X ដែលគាំទ្រមតិយោបល់របស់លោក Mark Pieth ក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុនជាមួយកាសែតស្វីស Der Bund។

លោក Pieth ជាមេធាវីស្វីសដែលមានជំនាញខាងឧក្រិដ្ឋកម្មកអាវស និងជាអ្នកជំនាញប្រឆាំងអំពើពុករលួយ បានធ្វើជាប្រធានគណៈកម្មាធិការអភិបាល កិច្ចឯករាជ្យនៃកំណែទម្រង់ FIFA កាលពីមួយទសវត្សរ៍មុន។ លោក Blatter គឺជាប្រធានស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៥ លោកបានលាលែងពីតំណែង ក្នុងអំឡុងពេលមានការស៊ើបអង្កេតលើអំពើពុករលួយ។

បទសម្ភាសន៍របស់លោក ជាមួយ Der Bund លោក Pieth បាននិយាយថា ប្រសិនបើយើងពិចារណា លើអ្វីគ្រប់យ៉ាងដែលយើងបានពិភាក្សា មានដំបូន្មានតែមួយគត់សម្រាប់អ្នកគាំទ្រ៖ នៅឲ្យឆ្ងាយពីសហរដ្ឋអាមេរិក! អ្នកនឹងឃើញវាកាន់តែច្បាស់នៅលើកញ្ចក់ទូរទស្សន៍។ ហើយនៅពេលមកដល់ អ្នកគាំទ្រគួរតែរំពឹងថា ប្រសិនបើពួកគេមិន ពេញចិត្តមន្ត្រីទេ ពួកគេនឹងត្រូវដាក់ឲ្យហោះហើរត្រឡប់ ទៅផ្ទះវិញភ្លាមៗ ប្រសិនបើពួកគេមានសំណាង។

ការបង្ហោះបណ្តាញសង្គម X របស់លោក លោក Blatter បានដកស្រង់សម្តីរបស់លោក Pietha ហើយបានបន្ថែមថា ខ្ញុំគិតថាលោក Mark Pieth និយាយត្រូវក្នុងការសួរអំពីព្រឹត្តិការណ៍ World Cup នេះ។

អាមេរិកកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ជាមួយកាណាដា និងម៉ិកស៊ិកចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ខែកក្កដា។ ក្តីបារម្ភរបស់សហគមន៍បាល់ទាត់អន្តរជាតិអំពីអាមេរិកបានកើតចេញពីឥរិយាបថពង្រីកខ្លួនរបស់លោក Trump លើ Greenland ការហាមឃាត់ការធ្វើដំណើរ និងយុទ្ធសាស្ត្រឈ្លានពាន ក្នុងការដោះស្រាយជាមួយ ជនអន្តោប្រវេសន៍ និងអ្នកតវ៉ាអនុវត្តច្បាប់អន្តោប្រវេសន៍ ក្នុងទីក្រុងអាមេរិក ជាពិសេសទីក្រុង Minneapolis។

លោក Oke Göttlich អនុប្រធានម្នាក់ នៃសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បានប្រាប់កាសែត Hamburger Morgenpost ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រថា ពេលវេលាបានមកដល់ហើយ ដើម្បីពិចារណាយ៉ាងម៉ត់ចត់ អំពីការធ្វើពហិការព្រឹត្តិការណ៍ World Cup៕

Most Popular

To Top