ចិន៖កីឡាការិនីជិះស្គីទឹកកកដើម កំណើតអាមេរិក នាង Eileen Gu បានបញ្ជាក់ថា នាងនឹងតំណាងឲ្យប្រទេសចិន ម្តងទៀតក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី ជំនួសឲ្យស្រុកកំណើតរបស់នាង គឺសហរដ្ឋអាមេរិក យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express ។

នាង Eileen Gu កើតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៣ ដែលមានម្តាយជាជនជាតិចិន និងឪពុកជាជនជាតិអាមេរិក។ នាងគឺជាកីឡាការិនីឆ្នើមមួយរូបសម្រាប់កីឡាអាមេរិក ជាមួយនឹងប្រព័ន្ធហ្វឹកហាត់មានរចនាសម្ព័ន្ធល្អ និងបរិយាកាសប្រកួតប្រជែងខ្លាំង។ នាងបានឈ្នះមេដាយមាស និងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ជើងឯកជិះស្គីពិភពលោកឆ្នាំ២០១៩ សម្រាប់សហរដ្ឋអាមេរិក ក្នុងអាយុ១៥ឆ្នាំ។
នេះបើយោងតាមការចុះផ្សាយរបស់ Fox News ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២២ នាង Eileen Gu បានធ្វើការជ្រើសរើសដ៏ចម្រូងចម្រាស ប៉ុន្តែជាប្រវត្តិសាស្ត្រមួយ ដើម្បីប្តូរពីអាមេរិកទៅកាន់ស្រុកកំណើតរបស់ម្តាយនាង ជាចលនាមួយដែលបានជំរុញឲ្យនាងទទួលបានកិត្តិនាមទូទាំងពិភពលោក ។
ការសម្តែងរបស់នាង Gu ក្នុងព្រឹត្តិការណ៍កីឡាប៉េកាំងឆ្នាំ២០២២ គឺពិតជាអស្ចារ្យណាស់។ នាងបានក្លាយជាអត្តពលិកកីឡាសកម្មភាពដំបូងគេដែលបានឈ្នះមេដាយ ៣គ្រឿង នៅព្រឹត្តិការណ៍អូឡាំពិកតែមួយ ដោយទទួលបានមេដាយមាស ព្រឹត្តិការណ៍ធំៗដូចជា ការប្រកួតលើអាកាស និងវិញ្ញាសា Halfpipe និងមេដាយប្រាក់ក្នុងវិញ្ញាសាលោតផ្លោះ។ ភាពលេចធ្លោរបស់នាងបានធ្វើឲ្យនាងក្លាយជារូបតំណាងនៅក្នុងប្រទេសចិន ជាកន្លែងដែលនាងត្រូវបានគេស្គាល់ដោយក្តីស្រលាញ់ថា ជា “ព្រះនាងព្រិល”៕
