ភ្នំពេញ៖ ក្រោយពីការប្រកួតកីឡាប៉ារ៉ាយូដូ និងកីឡាយូដូអូឡាំពិកជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយៈពេលពេញថ្ងៃ គឺថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានរកឃើញម្ចាស់មេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃការប្រកួតកីឡាប៉ារ៉ាយូដូ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ។

លោក ម៉ារ វង្សវិបុល គ្រូប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានប្រាប់ឲ្យដឹងថា វិញ្ញាសាឯកត្តជនបុរសទម្ងន់ក្រោម ៦៤ គីឡូក្រាម ម្ចាស់មេដាយមាស បានទៅលើកីឡាករ ជៃ វិរៈ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ឡេង ទិត្យវិបុល និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ជឿ វឿន។ វិញ្ញាសាឯកត្តជនបុរសទម្ងន់ ៦៤ គីឡូក្រាម ម្ចាស់មេដាយមាស បានទៅលើកីឡាករ ប៊ី សំណាង ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាករ ឡាង ដែន និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាករ ហឿង ហេងហេង ។

ចំណែកវិញ្ញាសាឯកត្តជននារីទម្ងន់ក្រោម ៤៦ គីឡូក្រាម ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ទ្រី លីណា ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ពៅ ណារី ។វិញ្ញាសាឯកត្តជននារីទម្ងន់ ៤៦ គីឡូក្រាម ម្ចាស់មេដាយមាស បានទៅលើកីឡាការិនី ស៊ឿង ស្រីពេជ្រ ម្ចាស់មេដាយប្រាក់ បានទៅលើកីឡាការិនី ហេង យូរី និងម្ចាស់មេដាយសំរិទ្ធ បានទៅលើកីឡាការិនី ដួង បញ្ញា។
ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ខេមរសហព័ន្ធកីឡាយូដូ បានដាក់ប្រភេទកីឡាជនពិការចូលរួមជើងឯក ដើម្បីជំរុញ និងបំផុតកីឡាជនពិការយូដូកម្ពុជាជាដំណើរឆ្នោះទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជនពិការនានាលើកឆាកអន្តរជាត។ខេមរសហព័ន្ធកីឡាយូដូផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ ឆ្នាំដល់ ១៤ ឆ្នាំ។ សម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងប្រភេទទម្ងន់ ៤៦ គីឡូក្រាមឡើងទៅ។

ចំណែកវិញ្ញាសាប្រយុទ្ធឯកត្តជននារីវិញរួមមាន ប្រភេទទម្ងន់ក្រោម ៣២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៦ គីឡូក្រាម និងប្រភេទទម្ងន់ ៣៦ គីឡូក្រាមឡើងទៅ។ រីឯវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ ឆ្នាំឡើងទៅ រួមមាន វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។

ដោយឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ៕


ដោយ៖លី ភីលីព
