កីឡា

លោកវរសេនីយឯក ឈាង សុវណ្ណរតនា ៖ ក្លិប ការ៉ាតេ-ដូ ហនុមាន នឹងទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ ៖ លោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមាន បានមានប្រសាសន៍ថា ក្លឹបកីឡាការ៉េតេ ហនុមាន ត្រៀមបញ្ជូនប្រតិភូដឹកនាំ ប្រតិភូ គ្រូដឹកនាំ កីឡាករ-កីឡាការិនី ក្លិប ការ៉ាតេដូ ហនុមាន ចំនួន ៤៨ រូប ចូលរួមការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ រូបលោកសង្ឃឹមថា ក្លឹបលោកនឹងទទួលបានចំណាត់ថ្នាក់ល្អ ជាងឆ្នាំមុន ដោយសារក្រុមអត្តពលិកក្លិប ចូលរួមការប្រកួតទំាងប្រយុទ្ធ និងកាតា។

លោកវរសេនីយឯក សុវណ្ណរតនា ប្រធានក្លឹប កីឡាការ៉េតេ ហនុមាន បានលើកឡើង ក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសជួប សំណេះសំណាល់ និង ប្រគល់សម្ភរៈហ្វឹកហាត់ ដល់កីឡាករ-កីឡាការិនីចំនួន ៤០ នាក់នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ មុនចេញទៅ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២ ៥ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា នៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅទីតាំងក្លឹបកីឡាការ៉េតេ ហនុមាន ស្ថិតនៅលើផ្លូវលេខ ៣១៥ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកប្រធានក្លឹបកីឡាការ៉េតេ ហនុមាន បានបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកឆ្នាំនេះ លោកសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនី ក្លិប ការ៉ាតេដូ ហនុមាន នឹងទទួលចំណាត់ថ្នាក់ល្អជាងឆ្នាំមុន កាលពីឆ្នាំ២០២៤ ក្លិប ការ៉ាតេដូ ហនុមាន ទទួលចំណាត់ថ្នាក់ល្អ ហើយជ័យជម្នះនេះ ជាបទពិសោធន៍សម្រាប់ត្រៀមខ្លួន ចូលរួមការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ ២០៣១ ខាងមុខនេះ ដែលកម្ពុជាធ្វើម្ចាស់ការប្រកួត ហើយចំណុចសំខាន់បំផុត របស់ក្លិបការ៉ាតេ-ដូ ហនុមានចង់លើកស្ទួយវិស័យការ៉ាតេ-ដូ និងលើកស្ទួយវិស័យកីឡា ក្នុងប្រទេសកម្ពុជា ។

ក្លិបការ៉ាតេដូ ហនុមានមានអាយុកាល ៦ ឆ្នាំ និងមានកីឡាករ-កីឡាការិនីចំនួន ៤០ នាក់ ក្នុងនោះកីឡាករ -កីឡាការិនី ៥ នាក់ ស្ថិតក្នុងក្រុម កីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា។ ការបង្កើតក្លិបការ៉ាតេ-ដូ ហនុមាន ដោយសាររូប លោកជាកីឡាករការ៉ាតេ-ដូ ធ្វើការហាត់អស់រយៈពេលជាង ២០ ឆ្នាំ និងចំណុចរូបលោកជាកងកម្លាំងមួយរូប លោកសំឡឹងឃើញអត្តប្រយោជន៍សំខាន់នៃការហាត់ក្បាច់គុន ក៏រូបលោកជ្រើសរើសការ៉ាតេ-ដូហាត់សុខភាព ការពារខ្លួន ជាពិសេសនោះផ្តល់ឱកាសប្អូនហាត់កីឡាប្រភេទនេះដើម្បីឲ្យជៀសឆ្ងាយពីគ្រឿងញៀន ។

លោកវរសេនីយឯក ឈាង សុវណ្ណរតនា បានបន្ថែមទៀតថា ផ្តល់ឱកាសយុវជនធ្វើការប្រមូលផ្តុំហ្វឹនហាត់កីឡាឲ្យមានប្រយោជន៍ដល់សង្គម ក្រុមគ្រួសារ និងខ្លួន ព្រមទំាងធ្វើឲ្យពួកគាត់ក្លាយជាយុវជនគំរូផងដែរ ។ ក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមានធ្លាប់ទទួលបានម្ចាស់មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2023 នៅកម្ពុជា៕

Most Popular

To Top