សម្រាប់ឆ្នាំ២០២០នេះក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសនឹងរៀបចំ ការប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំ គឺជាការទម្រង់ការប្រកួតដែលគេហៅថា “ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ” ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជា ត្រៀមចូលរួមការប្រកួតសាកលវិទ្យាល័យកម្រិតអន្តរជាតិ។
លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិតបានប្រាប់ឲ្យដឹងថាសម្រាប់ឆ្នាំ២០២០នេះ ការប្រកួតកីឡាសាកលវិទ្យាល័យប្រចាំឆ្នាំ នឹងរៀបចំជាទម្រង់ហ្គេមដែលគេហៅថា ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ។ តាមការគ្រោងទុកការប្រកួតនឹងចាប់ផ្ដើមធ្វើពីថ្ងៃទី២ដល់ទី១១មិថុនា ។ ទាំងការបើកការប្រកួត និង បិទការប្រកួតនឹងធ្វើទីលានពហុកីឡដ្ឋានជាតិ ។
សម្រាប់ការប្រកួតលើកទី១នេះ ដោយមានការឯកភាពពីក្រសួងអប់រំយុវជន និង កីឡា និងអគ្គនាយកដ្ឋានកីឡានោះនាយកដ្ឋានអប់រំកាយ និង កីឡាសិស្សនិស្សិតសម្រេចដាក់កីឡាចំនួន១២ប្រភេទ ដែលមានចំនួន៩៥ វិញ្ញាសាឲ្យប្រកួត ។
កីឡាទាំង១២ប្រភេទនេះ មានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ កីឡាប៉េតង់ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ កីឡាការាតេ តេក្វាន់ដូ I.T.F (International Taekwondo Federation) របស់កូរេខាងជើង កីឡាតេក្វាន់ដូ WT (World Taekwondo) របស់កូរេខាងត្បូង កីឡាហែលទឹក និង សីប៉ាក់តាក្រ ។
នាយកដ្ឋានអប់រំកាយ និង កីឡាសិស្ស និស្សិត នឹងរៀបចំទីកន្លែងប្រកួតចំនួន៥កន្លែង គឺពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជាស៊ីមបឹងកេងកង និង វិទ្យាល័យច្បារអំាពៅ ៕ ដោយ៖លី ភីលីព