កីឡា

លោក វ៉ាត់ ចំរើន ៖ អ្នកចូលរួមរត់ប្រណាំង ស្រ្តីចម្ងាយ១០គ.ម (Women Run 10K) ទទួលអត្ថប្រយោជន៍ ផ្នែកសុខភាព កាន់តែប្រសើរឡើង

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក Loke Kah Meng អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ និងលោក សែម ផល្លា នាយកប្រតិបត្តិគណៈកម្មការម៉ារ៉ាតុង អមគណៈកម្មការជាតិ អូឡាំពិកកម្ពុជា នាថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៦ នៅគណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មាន ប្រកាសរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងស្រ្តីចម្ងាយ ១០គ.ម (Women Run 10K) ប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ នៅភ្នំពេញ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង ស្រ្តីចម្ងាយ ១០គ.ម នេះធ្វើឡើងដើម្បីកម្ពស់ស្រ្តី ពីព្រោះស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ហើយស្ត្រីក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកីឡានៅប្រទេសកម្ពុជាដែរ ។ សព្វថ្ងៃនេះកម្ពុជាកំពុងដាក់គោលដៅ ជំរុញស្ត្រីឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តំបន់ ក៏ដូចជាអន្តរជាតិឲ្យបានហោចណាស់ ៤០ ទៅ ៥០ ភាគរយរហូតដល់ឆ្នាំ២០២៨ ។

លោកអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តឲ្យដឹងថា ការចូលរួមរបស់ប្រជាពលរដ្ឋ បង្ហាញពីការយកចិត្តទុកដាក់ទៅលើសុខភាព យ៉ាងខ្លាំង ចំពោះអ្នក ដែលបានចូលរួមរត់ទទួលអត្ថប្រយោជន៍ផ្នែកសុខភាព ជាគោលកាណ៍ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កំពុងជំរុញឲ្យឆ្ពោះសុខមាភាពប្រជពលរដ្ឋតាមរយៈការប្រកួតកីឡា និងការអប់រំកាយ និងកីឡាតាមគោលការណ៍អាស៊ានទាំងមូល ដោយបណ្តុះបណ្តាល ឲ្យមន្រ្តីរបស់វិស័យអប់រំកាយ និងកីឡាឲ្យជួយជំរុញ និងបំផុសឲ្យមានសកម្មភាពកីឡា ។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមទៀថា ប្រសិនបើមនុស្សទំាងអស់នៅតំបន់អាស៊ានលេងកីឡា មានន័យថា មនុស្សទំាងអស់នៅតំបន់អាស៊ានមានសុខភាព កម្លាំងសេដ្ឋកិច្ចនៅអាស៊ានកាន់តែល្អដែរ។ កម្លាំងកីឡារុំទំាងកម្លាំងសាមគ្គីភាព មិត្តភាព សន្តិភាព និងផ្នែកសេដ្ឋកិច្ច។

លោក Loke Kah Meng បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ជាលើកទី៥ ក្រោមប្រធានបទ “ស្រ្តីរត់លើវិថី នៃសន្តិភាព” ជាព្រឹត្តិការណ៍មួយ ដ៏វិសេសវិសាលនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ក្នុងគោលបំណង រួបរួមសាមគ្គីភាពគ្នាក្នុងសហគមន៍ លើកកម្ពស់សុខភាពកាយសម្បទា និងសកម្មភាពសង្គមដ៏មានអត្ថន័យ។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ បានឆ្លុះបញ្ចាំង ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ ដល់ភាពរឹងមាំរបស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅទូទាំងប្រទេសកម្ពុជា។ សម្រាប់ទិសដៅ នាពេលខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី មានផែនការនឹងបន្តរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. សម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀត ដើម្បីពង្រឹងការប្តេជ្ញាចិត្តចំពោះបរិយាបន្ន សុខភាព និងការពង្រឹងអំណាចដល់ស្ត្រីគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ។

លោក សែម ផល្លា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងនាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៥:០០ ព្រឹក តទៅ នៅសួនច្បារខាងមុខវត្តបទុមវតី ហើយអ្នកចូលរួមទាំងអស់អាចជ្រើសរើសប្រភេទចម្ងាយរត់ ១០ គ.ម. និង ៤ គ.ម. ទោះបីជាកម្មវិធីនេះ ជាព្រឹត្តិការណ៍ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ក៏ដោយ ប៉ុន្តែបុរសក៏អាចចូលរួមបានផងដែរ ។ អ្នកចុះឈ្មោះចូលរួមទាំងអស់ នឹងទទួលបាន អាវយឺត កាតាបកីឡា និង ស្លាកលេខ សម្គាល់ (Race Bib) ហើយជាពិសេស សម្រាប់នារី ដែលអ្នកចូលរួមនឹង ទទួលបានកាដូអនុស្សាវរីយ៍ក្រមាខ្មែរ ដ៏ពិសេសមួយ ផងដែរ ។ សម្រាប់អ្នករត់ដល់ទីទាំងអស់ មិនថាក្នុងចម្ងាយណានោះទេ នឹងទទួលបានមេដាយ ដែលមានរូបរាងលេខ ៨ តំណាង ជាពិសេសដល់ទិវានារីអន្តរជាតិ ៨ មីនា ។ ចាប់តាំងពីការ ទិវារត់ប្រណាំងស្រ្តីចម្ងាយ ១០ គ.ម. ដែលមានអ្នកចូលរួមប្រមាណជាង ២០០០ នាក់ក្នុងឆ្នាំ២០២០ រហូតដល់ការកើនឡើង ដល់ប្រមាណ ៣០០០ នាក់ឆ្នាំ២០២៥ លោកបានសង្ឃឹមថា អាចកើនឡើង ៤០០០នាក់ឆ្នាំ២០២៦នេះ៕

Most Popular

To Top