កូរ៉េខាងត្បូង៖តារាចម្រៀងស្រី នាង Rosé ជាសមាជិកក្រុម តារាចម្រៀងស្រីកូរ៉េខាងត្បូង ដ៏ល្បីឈ្មោះ BLACKPINK បានបង្ហាញក្នុងបទសម្ភាសន៍ថ្មីៗនេះថា នាងធ្លាប់ស្លៀក ពាក់ក្លែងបន្លំបែបស្ត្រីវ័យចំណាស់ ដើម្បីគេចពីអ្នកថតរូប ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហា កាលពីអតីតកាល យោងតាមការចេញ ផ្សាយពីគេហទំព័រ The Standard ។
វគ្គមួយនៃផតខាសអាមេរិក “Call Her Daddy” Rosé បានប្រាប់ ពិធីករ Alexandra Cooper ថា នាងបានសិក្សាពីស្ទីល របស់ស្ត្រីវ័យចំណាស់ ទិញសក់ពាក់ខ្លី ពណ៌ខ្មៅរួញ និងទិញសម្លៀកបំពាក់ ស្បែកជើង និងកាបូបដើម្បីផ្គូផ្គងនឹងរូបរាង ដើម្បីទៅលេងផ្ទះមិត្តប្រុសរបស់នាង។
នាងបានបញ្ជាក់ថា ដោយសារតែយើងមិនអាច ទៅណាបានទេ យើងត្រូវធ្វើអ្វីមួយដូចនោះ ដើម្បីជៀសវាងការត្រូវ បានគេមើលឃើញ ដោយបន្ថែមថា ល្បិចនេះមានរយៈពេលយ៉ាងហោចណាស់ ៦ ខែ ដោយបង្កើតផ្នែក “ទូខោអាវយាយ” នៅក្នុងផ្ទះរបស់នាង។
នៅពេលសួរថា តើមិត្តប្រុសរបស់នាងក៏បានក្លែងខ្លួនដែរឬទេ នាង Rosé បាននិយាយថា គាត់គ្រាន់តែព្យាយាមមើលទៅចាស់ទុំជាង ហើយមិនត្រូវការសក់ពាក់ ឬធ្វើត្រាប់តាមស្ទីលដើររបស់មនុស្សចាស់នោះទេ។
នាង Rosé ក៏បាននិយាយអំពី អតីតគូស្នេហ៍ម្នាក់ ដែលនាងនិយាយថា បានប្រើល្បិចកលអារម្មណ៍ ដោយលើកឡើងពីការងារ ជាហេតុផល ដើម្បីរក្សានាងឲ្យនៅឆ្ងាយពីមិត្តភក្តិរបស់គាត់។ ក្រោយមកនាងបានដឹងថា ស្ថានភាពនេះមិនល្អទេ នៅពេលនាងបាន ណាត់ជួបជាមួយនរណាម្នាក់ដែលល្បីល្បាញជាង មានឆន្ទៈធ្វើរឿងធម្មតា ជាមួយនាង។ នាងបានបញ្ជាក់ថា នាងបានបញ្ចូលទំនាក់ទំនង អតីតកាលនោះទៅក្នុងបទចម្រៀងរបស់នាង “Toxic Till the End”៕
