រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិដណ្តើមបានតំណែងជើងឯក ខណៈក្រសួងមហាផ្ទៃ និងក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាព ទទួលបានតំណែងជើងឯករងការប្រកួតកីឡាប៊ូល និងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ ដែលរៀបចំដោយសហព័ន្ធកីឡា ប៊ូល និងប៉េតង់កម្ពុជាក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ក្រសួងការពារជាតិឈ្នះមេដាយមាសចំនួន ៤ គ្រឿង។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាប៊ូលនិងប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នៅទីលានកីឡាប៊ូល និងប៉េតង់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដោយមានការអញ្ជើញជាអធិបតីក្រោមវត្តមានលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា តំណាងលោក លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

ក្រសួងការពារជាតិ (ក្លិប យោធភូមិភាគពិសេស ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់កងយោធពលខេមរភូមិន្ធ)ដណ្តើមបានតំណែងជើងឯក ដោយឈ្នះមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រសួងមហាផ្ទៃ និងនិងក្លិបកីឡាប៊ូល និងប៉េតង់សន្តិភាពទទួលបានតំណែងជើងឯករង ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿងដូចគ្នា។

ចំណែកសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ មន្ទីរអប់រំកាយ និងកីឡាខេត្តបាត់ដំបង និងក្លិបកីឡាប៊ូល និងប៉េតង់ បឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំង ឈ្នះមេដាយមាស ១ គ្រឿងដូចគ្នា ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ មន្ទីរអប់រំកាយ និងកីឡាខេត្តស្វាយរៀង ឈ្នះមេដាយប្រាក់ ១ គ្រឿងដូចគ្នា។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា រៀបចំឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីលានរបស់សហព័ន្ធក្នុងពហុកីឡសដ្ឋានជាតិ។ ការប្រកួតនេះមាន ៨វិញ្ញាសា រួមមាន វិញ្ញាសា ១ទល់១(បុរស១៨ឆ្នាំឡើង) វិញ្ញាសា ១ទល់១(នារី១៨ឆ្នាំឡើង) វិញ្ញាសា ១ ទល់១(កុមារី១២ ដល់១៥ឆ្នាំ) វិញ្ញាសា ១ទល់១(កុមារា១២ ដល់១៥ឆ្នាំ) វិញ្ញាសា វាយយកពិន្ទុ(បុរស១៦ឆ្នាំ) វិញ្ញាសា វាយយកពិន្ទុ(នារី១៦ឆ្នាំ) វិញ្ញាសា ៣ទល់៣(បុរស១៦ឆ្នាំ) និង វិញ្ញាសា ៣ទល់៣(នារី១៦ឆ្នាំ)៕






ដោយ៖លី ភីលីព
