កីឡា

ក្រសួងការពារជាតិឈ្នះមេដាយមាសចំនួន ១៣ គ្រឿងនៃការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៥

ភ្នំពេញ៖ កីឡាករ-កីឡាការិនីយូដូរបស់ក្រសួងការពារជាតិដណ្តើមបានមេដាយមាសចំនួន ១៣ គ្រឿងការប្រកួតកីឡាយូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដថល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឲ្យក្រុមអត្តពលិកក្រសួងការពារជាតិគ្រង់តំណែងជើងឯកប្រចាំឆ្នាំនេះ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាយូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ លោក ឡាច ចាន់រិទ្ធី នាយករងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងលោក ទុយ វិច្ឆិកា ប្រធានការិយាល័យកីឡាជំនាញតំណាងឲ្យលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ ។

លោក ម៉ារ វង្សវិបុល គ្រូប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានប្រាប់ឲ្យដឹងថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំនេះ ខេមរសហព័ន្ធកីឡាយូដូ បានដាក់ប្រភេទកីឡាជនពិការចូលរួមជើងឯក ដើម្បីជំរុញ និងបំផុតកីឡាជនពិការយូដូកម្ពុជាជាដំណើរឆ្នោះទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាជនពិការនានាលើកឆាកអន្តរជាត។ ខេមរសហព័ន្ធកីឡាយូដូផ្តោតទៅលើយុវជនច្រើនជាង ក្នុងនោះវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុក្រោម ១១ ឆ្នាំដល់ ១៤ ឆ្នាំ។ ម្រាប់វិញ្ញាសាប្រយុទ្ធឯកត្តជនបុរសរួមមាន ប្រភេទទម្ងន់ក្រោម ៣៤ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម និងប្រភេទទម្ងន់ ៤៦ គីឡូក្រាមឡើងទៅ។

ប្រធាន បច្ចេកទេស និងគ្រូឧទ្ទេស បានបន្តថា វិញ្ញាសាប្រយុទ្ធឯកត្តជននារីវិញរួមមាន ប្រភេទទម្ងន់ក្រោម ៣២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៣៦ គីឡូក្រាម និងប្រភេទទម្ងន់ ៣៦ គីឡូក្រាមឡើងទៅ។ រីឯវិញ្ញាសាប្រយុទ្ធឯកត្តជនបុរស និងនារីមានអាយុ ១៥ ឆ្នាំឡើងទៅ រួមមាន វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស គឺប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៩០ គីឡូក្រាម។ ដោយឡែកវិញ្ញាសាប្រយុទ្ធឯកត្តជននារី គឺប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥២ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ ៥៧ គីឡូក្រាមឡើងទៅ។

ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសចំនួន ១៣ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ក្លឹបអង្គរយ៉ាវ៉ារ៉ាក់ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង ក្លឹបព្រះខណ្ឌ និងក្លឹបគីរី ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿងដូចគ្នា ក្លឹបអង្គរយ៉ាវ៉ារ៉ាក់ ដណ្តើមបានមេដាយមាសចំនួន ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង និងក្លឹបអូឡាំពិក ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង ៕

ដោយ៖លី ភីលីព

Most Popular

To Top