កីឡា

ក្រុមបាល់ទាត់នារីចំនួន ៦ ក្រុមចូលរួមការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦

ខេត្តកណ្តាល៖ ក្រុមកីឡាការិនីបាល់ទាត់ចំនួន ៦ ក្រុមចូលរួមការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ការប្រកួតនេះប្រព្រឹត្តទៅបានយោងផែនការប្រតិបត្តិប្រចាំឆ្នាំ របស់ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាការិនីបាល់ទាត់ឆ្នើមចូលរួមព្រឹត្តិការណ៍នានាថ្នាក់ជាតិ និងការប្រកួតបាល់ទាត់លីគនារីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោក គួង លី អនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាល។ ការប្រកួតឆ្នាំនេះមានក្រុមបាល់ទាត់នារីចំនួន ៦ ក្រុមរួមមាន ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរ ក្រុមបាល់ទាត់នារី ហេបភីចន្ទតារ៉ានារីព្រែកថ្មី ក្រុមបាល់ទាត់នារី ស្អាង យើង ស្អាត ក្រុមបាល់ទាត់នារី យុវនារី ក្រាំងយូវ ក្រុមបាល់ទាត់នារី តាខ្មៅ អេស៊ី និងក្រុមបាល់ទាត់នារី Kemara Lady ។

លោកអនុប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានបន្តថា ក្រុមបាល់ទាត់នារីចំនួន ៦ ក្រុម ត្រូវបែងចែកចេញជា ២ ពូល ។ ពូល A ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរ ក្រុមបាល់ទាត់នារី ហេបភីចន្ទតារ៉ានារីព្រែកថ្មី ក្រុមបាល់ទាត់នារី ស្អាង យើង ស្អាត និងពូល B ក្រុមបាល់ទាត់នារី យុវនារី ក្រាំងយូវ ក្រុមបាល់ទាត់នារី តាខ្មៅ អេស៊ី និងក្រុមបាល់ទាត់នារី Kemara Lady ៕

ដោយ៖លី ភីលីព

Most Popular

To Top