ហុងកុង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែងហុងកុងដ៏ល្បីល្បាញ លំដាប់ពិភពលោក លោក Chow Yun Fat ត្រូវបានអ្នកដំណើរម្នាក់ច្រឡំថា លោកជាតារាសម្ដែង Lo Hoi Pang ខណៈពេលដែលគាត់កំពុងដើរលេងក្នុងស្រុក Tsim Sha Tsui ទីក្រុងហុងកុង។
កាសែត Dimsum Daily បានរាយការណ៍ថា វីដេអូមួយត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមអ៊ីនធើណេត លោក Chow ត្រូវបានគេឃើញហ៊ុំព័ទ្ធដោយអ្នកគាំទ្រ បន្ទាប់ពីលោកឈប់ដើម្បីចុះហត្ថលេខា ខណៈពេលកំពុងដើរឆ្លងកាត់តំបន់នោះ។ តារារូបនេះមើលទៅហាក់ដូចជាធូរស្រាល និងងាយស្រួលចូលទៅជិត ស្លៀកអាវកីឡាដៃវែងពណ៌ក្រហម វ៉ែនតា និងសក់ពណ៌ប្រាក់។
វីដេអូឃ្លីប អ្នកដើរកាត់ម្នាក់បានសួរខ្លាំងៗថា តើលោក Chow ជាលោក Lo ដែរឬទេ។ ជំនួសឲ្យការបង្ហាញការរំខាន លោក Chow បានឆ្លើយតបដោយស្នាមញញឹមស្ងប់ស្ងាត់។ នៅពេលសំណួរនេះត្រូវបានសួរម្តងទៀត លោក Chow បានលេងសើចនឹងឈ្មោះរបស់ឥស្សរជនសាធារណៈដ៏ល្បីល្បាញម្នាក់ទៀត ដែលធ្វើឲ្យមនុស្សនៅក្បែរនោះសើច៕
