ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាកុមារ អូឡាំពិកជាលើកទី១ ដែលរៀបចំដោយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា-NOCC នៅផ្សារទំនើបអ៊ីអន៣ បានបញ្ចប់ ដោយជោគជ័យ ដោយមានការចូលរួម ពីកុមារ-កុមារីចំនួន ៣៥០នាក់ ក្រោមការជំរុញ ពីឪពុកម្តាយពួកគេយ៉ាងសប្បាយរីករាយ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ តំណាង លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា-NOCCបានបង្ហាញក្តីរីករាយ ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកលើកដំបូងនេះបានទាក់ទាញកុមារ កុមារីចូលរួមលេងកីឡាយ៉ាងសប្បាយរីករាយលើ១០វិញ្ញាសា។ ការប្រកួតនេះបានផ្តល់ឱកាសដល់កុមារពី អាយុ១ដល់៧ឆ្នាំ ដើម្បីបណ្តុះស្មារតី កីឡាដល់កុមារតូចៗ ក៏ដូចជាការជំរុញ ឧបនិស្ស័យ កីឡាកុមារឱ្យ មានចំណាប់អារម្មណ៍ស្រឡាញ់ និងចាប់យកកីឡាណាមួយ ដើម្បីក្លាយខ្លួនជាកីឡាសក្តានុពល នាពេលអនាគ ។

ព្រឹត្តិការណ៍កីឡាកុមារអូឡាំពិកនេះ ផ្តើមចេញពីស្មារតី និង ឧត្តមគតិកីឡាអូឡាំពិក ដែលមានតម្លៃ លើពិភពលោក ក្នុងការផ្តល់ឱកាស សម្រាប់កុមារតូចៗជួបជុំគ្នា ក៏ដូចជាការរៀបចំចលនាកីឡា អូឡាំពិកមួយដោយផ្តើមចេញពីកុមារទូទៅ ។ ការប្រកួតនេះជាសកម្មភាពរួមចំណែកក្នុងការជំរុញឱ្យកុមារជួបជុំគ្នា និងលេងកីឡាដើម្បីពង្រឹងសមត្ថភាព និងស្មារតីក្នុងវិស័យកីឡារបស់កុមារ៕
ដោយ៖លី ភីលីព







