កីឡា

ម្ចាស់ផ្ទះកម្ពុជា ដាក់កីឡាករ-កីឡាការិនី សម្រាប់ប្រកួតជម្រុះ ប្រចាំតំបន់ ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026

ភ្នំពេញ ៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡា វាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ី អាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ត្រូវចាប់ផ្តើមប្រកួត ជម្រុះពីថ្ងៃទី ៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ ចូលរួមប្រកួតប្រជែង ។

កញ្ញា សោម ចិន្តា អ្នកសម្របសម្រួលព្រឹត្តិការណ៍ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក្នុងកិច្ចប្រជុំមុនការប្រកួត ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។ នេះជាការប្រកួតវាយកូនបាល់ អន្តរជាតិអាស៊ីប្រចាំតំបន់ក្រោម១៤ឆ្នាំ ដោយមានការចូលរួមសរុប១២ប្រទេស សម្រាប់ប្រទេសនីមួយៗ មានកីឡាករ កីឡាការិនី៤នាក់ ពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ នេះជាការប្រកួតប្រជែងក្រុមសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុៗជាងគេ (២ប្រទេស) សម្រាប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ ។

កញ្ញា សោម ចិន្តា គូសបញ្ជាក់ថា ការប្រកួតជម្រុះ ដែលមាន ១២ ប្រទេសចូលរួមនេះ គឺមានវិញ្ញាសាឯកត្តជន ក្មេងប្រុស-ក្មេងស្រី វាយគូក្មេង ប្រុស-ក្មេងស្រី និង វាយចម្រុះក្រុម ហើយតាមរយៈការទទួល បានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូន បាល់អន្តរជាតិ វគ្គជម្រុះតំបន់មួយនេះ នឹងជួយផ្តល់ឱកាស ដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា បានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍បច្ចេកទេស បន្ថែមជាមួយកីឡាករ កីឡាការិនីអន្តរជាតិមកពី១១ប្រទេសផ្សេងៗទៀត ។

ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិ វគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ មានគ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៦០នាក់ (ក្នុងប្រទេសមានកីឡាករ ២នាក់ និងកីឡាការិនី២នាក់ គ្រូបង្វឹកម្នាក់)
ចំពោះសមាសភាព កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមាន៤នាក់ គឺកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ។

លោក ឃ្លាំង ពន្លក គ្រូបង្វឹកកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់កីឡាករ កីឡាការិនីកម្ពុជាបានបង្កើនការហ្វឹក ហាត់ជាប់ជាប្រចាំ ពោលពីមានរយៈពេលប្រមាណ១ឆ្នាំមកហើយ ចាប់តាំងពីដើមឆ្នាំ២០២៥មកម៉្លេះ ដោយគុណភាពបច្ចេកទេសរបស់ពួកគាត់ មានការរីកចម្រើនល្អ ដែលមានសមត្ថភាពអាចប្រកួតប្រជែង បានជាមួយអត្តពលិកមកពីប្រទេសផ្សេងៗក្នុងតំបន់ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះបាន។
គ្រូបង្វឹកវាយកូនបាល់កម្ពុជា រូបនេះសង្កត់ធ្ងន់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទទួលបានសិទ្ធិរៀបចំ ធ្វើម្ចាស់ផ្ទះ ពីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ឆ្នាំ២០២៦នេះ ពិតជាល្អខ្លាំងណាស់ សម្រាប់កីឡាករ កីឡាការិនីវ័យ ក្មេងកម្ពុជា ដោយផ្តល់ផល ប្រយោជន៍យ៉ាង ច្រើនដល់ពួកគាត់ ក្នុងការជួបជុំជាមួយអត្តពលិកវ័យ ក្មេងមកពីបណ្តាប្រទេសនានា ហើយអត្តពលិកកម្ពុជា អាចបង្កើន បាននូវគុណភាពបច្ចេកទេសកាន់ តែល្អប្រសើរបន្ថែមទៀត ។ «សម្រាប់ខ្ញុំ ចំពោះលទ្ធផលរបស់អត្តពលិកម្ចាស់ផ្ទះកម្ពុជា មិនទាន់អាចនិយាយ មុនបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា ពួកគាត់នឹងកាន់តែក្លាហាន ក្នុងការប្រកួតប្រជែង ហើយអាចនិយាយបានថា គុណភាពបច្ចេកទេស របស់កីឡាករ កីឡាការិនីវាយកូនបាល់នៃបណ្តាប្រទេស ទាំងនោះប្រហាក់ប្រហែលគ្នា នឹងអត្តពលិកកម្ពុជាដែរ ខណៈក្តីរំពឹង គឺកម្ពជាយើងនឹងអាចមានក្តីសង្ឃឹមច្រើន ក្នុងការឈានទៅកៀកនឹងវគ្គផ្តាច់ព្រ័ត្រ»៕ ដោយ ហេង ណ

Most Popular

To Top