ខេត្តកណ្តាល ៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គ លេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចួលរួម បើកការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅច្រមុះជ្រូក សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកឆ្នាំនេះ សមាគមចំនួន១៨ ប្រតិភូ គ្រូបង្វឹក ៥៥នាក់, កីឡាករ ១១៩នាក់, កីឡាការិនី ៤៥នាក់ សរុប ២១៩នាក់។ មានការកើនឡើងពីឆ្នាំ២០២៤ ចំនួន៣សមាគមគឺ សមាគមខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តក្រចេះ។ ប្រភេទទម្ងន់ដែលត្រូវរៀបចំការប្រកួតរួមមាន យុវជនអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៦ឆ្នាំ ៥ ប្រភេទម្ងន់ យុវជនអាយុ១៦ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ៤ ប្រភេទម្ងន់ យុវនារីអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៦ឆ្នាំ ៤ ប្រភេទម្ងន់ យុវនារីអាយុ១៦ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ ៤ ប្រភេទម្ងន់ និងសរុបចំនួន ១៧ ប្រភេទទម្ងន់។

លោកប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបន្តថា ការរៀបចំប្រកួតនេះ គឺជាការជំរុញការអភិវឌ្ឍកីឡាករ កីឡាការិនីវ័យក្មេង សម្រាប់បន្តវេន និងត្រៀមចូលរួមការ ប្រកួតជាលក្ខណៈអន្តរជាតិ នានានៅថ្ងៃអនាគត ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ ជាពិសេសត្រៀមខ្លួនក្នុងការចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ៣០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងផ្តល់នូវការណែនាំ ចង្អុលបង្ហាញនូវចក្ខុវិស័យដ៏ឧត្តុង្គឧត្តម និងជួយឧបត្ថម្ភគាំទ្រនូវថវិកាជាច្រើនដល់កីឡាករ កីឡាការិនី ក្លិប មន្ត្រីបច្ចេកទេសសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ រហូតរៀងមក ធ្វើឱ្យវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងមូលមានការរីចម្រើនជាបន្តបន្ទាប់ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល បានមានប្រសាសន៍ថា៖ វិស័យកីឡា ពិតជាដើរតួសំខាន់ក្នុង ការពង្រឹងសុខភាពផ្លូវកាយរឹងមាំ លើកកម្ពស់សុខភាព ផ្លូវចិត្ត បង្កើនផលិតភាពការងារ កាត់បន្ថយភាពតាន តឹងក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ។ ក្រៅពីការពង្រឹងសាមគ្គីភាព និងមិត្តភាព កីឡាក៏រួមចំណែកដល់ ការកាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តិ បញ្ហាសង្គមនានា ដូចជាការ ប្រើប្រាស់ថ្នាំញៀន និងអំពើហិង្សា, រក្សាបាននូវកម្លាំងកាយរឹងមាំ និងការលើកកម្ពស់សុខភាពល្អ ដែលជាកត្តាកំណត់ដ៏សំខាន់សម្រាប់បង្កើនផលិតភាពពលកម្ម និង ភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ៕







