ភ្នំពេញ៖លោក ហេង សុខជាតិ អគ្គលេខាធិការសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា ជាប់ឈ្មោះជាសមាជិកក្រុមប្រឹក្សា សហព័ន្ធកីឡាវាយកូនឃ្លី លើតុអាស៊ីអាគ្នេយ៍ ខណៈលោក ង៉ូយ ប៊ុនថង សមាជិក និងអនុប្រធានអាជ្ញាកណ្តាល របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាប់ឈ្មោះជាសមាជិកគណៈកម្មាធិការរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦-២០២៩។

លោក ហេង សុខជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា រូបលោកត្រូវបានតែងតាំង ជាផ្លូវការជាសមាជិកក្រុមប្រឹក្សា សហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ “SEATTA” (អាណត្តិ ២០២៦-២០២៩) ។ លិខិតមួយបានផ្ញើមករូប លោកមានន័យថា ក្នុងនាមសមាគមវាយកូនឃ្លីលើតុ អាស៊ីអាគ្នេយ៍ (SEATTA) មានសេចក្តីសោមនស្សរីករាយ ក្នុងការបញ្ជាក់ជាផ្លូវការ អំពីការតែងតាំងរបស់លោកជាសមាជិក ក្រុមប្រឹក្សា SEATTA សម្រាប់អាណត្តិ ២០២៦-២០២៩ ដូចដែលបានអនុម័ត ដោយស្របច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញ SEATTA និងសេចក្តីសម្រេច របស់សមាជលើកទី ១៥ របស់ SEATTA ឆ្នាំ ២០២៥ ។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបន្តថា ការតែងតាំងទាំងនេះ មានប្រសិទ្ធភាពភ្លាមៗ ហើយនឹងនៅតែមាន សុពលភាព រហូតដល់ការបញ្ចប់សមាជលើកទី ១៧ របស់ SEATTA។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សា SEATTA អ្នកត្រូវបានប្រគល់ភារកិច្ច និងកាតព្វកិច្ចដែល ទាក់ទង នឹងតួនាទីនេះ រួមទាំងការរួមចំណែកដល់អភិបាលកិច្ច ការអភិវឌ្ឍ និងការលើកកម្ពស់កីឡា វាយកូនបាល់លើតុ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការថែរក្សាគោលការណ៍ ភាពសុចរិត និងគោលបំណងរបស់ SEATTA។ SEATTA បង្ហាញពីទំនុកចិត្តយ៉ាងពេញ ទំហឹងចំពោះភាពជាអ្នកដឹកនាំ បទពិសោធន៍ និង ការប្តេជ្ញាចិត្តរបស់អ្នក ហើយទន្ទឹងរង់ចាំការចូលរួម ចំណែកដ៏មានតម្លៃ របស់អ្នកក្នុងអំឡុង ពេលអាណត្តិរបស់អ្នក ។
លោក ហេង សុខជាតិ អគ្គលេខាធិការ បានបន្ថែមថា បន្ទាប់ពីរូបលោក ត្រូវបានជាផ្លូវការជាសមាជិកក្រុមប្រឹក្សា សហព័ន្ធកីឡាវាយ កូនឃ្លីលើតុ អាស៊ីអាគ្នេយ៍ជាផ្លូវការហើយ ក្នុងនោះលោក ង៉ូយ ប៊ុនថង សមាជិក និងអនុប្រធានអាជ្ញាកណ្តាល របស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាប់ឈ្មោះជាសមាជិកគណៈកម្មាធិការរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦-២០២៩៕
