បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមមន្ត្រីបានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នា នៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់ នៅថ្ងៃសុក្រ ដោយកំណត់លើបញ្ហាខ្វែងគំនិតគ្នាជាសាធារណៈលើទីកន្លែង និងរបៀបវារៈដែលបង្កឱ្យមានការមិនចុះសម្រុងគ្នា យ៉ាងជ្រាលជ្រៅរវាងភាគីទាំងពីរ។
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyyed Abbas Araghchi បានប្រកាសថា កិច្ចចរចានឹងប្រព្រឹត្តទៅនៅទីក្រុង Muscat នៅម៉ោងប្រហែល ១០ ព្រឹក ដោយអរគុណភាគីអូម៉ង់សម្រាប់ការរៀបចំចាំបាច់ទាំងអស់។
បន្តិចក្រោយមក ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានរាយការណ៍ថា ក្រុងវ៉ាស៊ីនតោនបានយល់ព្រមរៀបចំកិច្ចចរចានៅថ្ងៃសុក្រក្នុងប្រទេសអូម៉ង់ បន្ទាប់ពីត្រូវបានបញ្ចុះបញ្ចូលដោយប្រទេសនៅមជ្ឈិមបូព៌ា យ៉ាងតិចប្រាំបួនប្រទេស។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិកបានរាយការណ៍នៅមុនថ្ងៃ ដែលការចរចាអាចត្រូវបានលុបចោលជុំវិញការខ្វែងគំនិតគ្នារបស់ភាគីទាំងពីរលើទីតាំងនិងទម្រង់ ។
គួរឲ្យដឹងដែរថាភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាថា នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគីផងដែរ ដោយមានប្រទេសនៅមជ្ឈិមបូព៌ាមួយចំនួន ទៀតចូលរួមជាអ្នកសង្កេតការណ៍៕
ប្រែសម្រួល៖ស៊ុនលី
