ព័ត៌មានអន្តរជាតិ

បងប្អូនស្រីជនជាតិឥណ្ឌា ៣នាក់ ចូលចិត្តមើលរឿងកូរ៉េបានធ្វើអត្តឃាតដោយខ្លួនឯង បន្ទាប់ពីឪពុកមិនឲ្យប្រើប្រាស់ទូរស័ព្ទ

ឥណ្ឌា៖ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍ បានប្រាប់ឲ្យដឹងថា បងប្អូនស្រីឥណ្ឌា ៣ នាក់ដែលចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវប្បធម៌ពេញនិយមរបស់កូរ៉េ ត្រូវបានគេរាយការណ៍ថា បានស្លាប់ដោយសារការធ្វើអត្តឃាត បន្ទាប់ពីមានជម្លោះជាមួយឪពុករបស់ពួកគេដោយហាមឃាត់ពួកគេមិនឲ្យប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។

នេះបើយោងតាម NDTV នៅថ្ងៃព្រហស្បតិ៍ថា បងប្អូនស្រីទាំង ៣ នាក់ដែលមានអាយុ ១៦ ឆ្នាំ ១៤ ឆ្នាំនិង១២ ឆ្នាំបានស្លាប់ បន្ទាប់ពីលោតពីលើជាន់ទី៩នៃអគារអាផាតមិនមួយក្នុងទីក្រុង Ghaziabad ប្រទេសឥណ្ឌា នៅម៉ោងប្រហែល ២ ព្រឹកថ្ងៃពុធ។

កំណត់ហេតុប្រចាំថ្ងៃ និងកំណត់ចំណាំអត្តឃាតត្រូវបានរកឃើញនៅកន្លែងកើតហេតុ មានសារពោរពេញដោយទុក្ខសោក ដូចជា “ខ្ញុំពិតជាសុំទោសណាស់ សុំទោសប៉ា” និង “កូរ៉េគឺជាជីវិតរបស់យើង កូរ៉េ គឺជាស្នេហាដ៏ធំបំផុតរបស់យើង។ អ្វីក៏ដោយដែលអ្នកនិយាយ យើងមិនអាចបោះបង់វាចោលបានទេ។

ការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថា បងប្អូនស្រីទាំង ៣ មិនបានចូលរៀនទេចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ហើយក៏មិនបានទទួលការសិក្សានៅផ្ទះ ឬឱកាសដើម្បីប្រាស្រ័យទាក់ទងជាមួយមិត្តភក្ដិដែរ។ ជាលទ្ធផល ការមើលខ្លឹមសារកូរ៉េនៅលើទូរស័ព្ទរបស់ពួកគេហាក់ដូចជាក្លាយជាប្រភពនៃការលួងលោមដ៏អស្ចារ្យសម្រាប់ពួកគេ។

ប៉ូលីសបាននិយាយថា ភាពតានតឹងបានកើនឡើង បន្ទាប់ពីឪពុករបស់ពួកគេបានរឹបអូសទូរស័ព្ទរបស់ពួកគេ។ ឪពុកក៏បានលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្មេងស្រីទាំងនោះដោយបង្ខំប្រហែល ១០ ថ្ងៃមុនហេតុការណ៍នេះផងដែរ៕

Most Popular

To Top