កីឡា

លោក ស៊ុន ចាន់ថុល បានកោតសរសើរខ្ពស់ ចំពោះក្រុមការងារក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំប្រឹងប្រែង ឲ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង

លោក៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានមានប្រសាសន៍ថា លោកបានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះក្រុមការងារក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលបានខិតខំប្រឹងប្រែង ឲ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញលើកទឹកចិត្ត ដល់យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យងាកមកចាប់យកការលេងកីឡាជាទម្លាប់ប្រចាំថ្ងៃ។

លោក ស៊ុន ចាន់ថុល បានលើកឡើងនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល សមិទ្ធផល ក្នុងកីឡដ្ឋានស្រុកកោះធំ បានជួសជុល និងកែលម្អរួចរាល់ ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ និង លោកអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុងគ្រុប និងជាអនុប្រធាន សហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងថ្នាក់ដឹកនាំ ក.អ.ក. ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ។

ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកែលម្អនេះមិនត្រឹមតែផ្ដោត លើសោភ័ណភាពខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបានពង្រឹង នូវគុណភាពហេដ្ឋារចនាសម្ព័ន្ធខាងក្នុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហ្វឹកហាត់ និងការប្រើប្រាស់ របស់សាធារណជនក្នុងតំបន់។ សមិទ្ធផលក្នុងកីឡដ្ឋានស្រុកកោះធំបានជួសជុល និងកែលម្អរួចរាល់រួមមាន ការ៉ូជុំវិញបរិវេណអាងហែលទឹក របងជុំវិញបរិវេណអាងហែលទឹក ដំបូលកន្លែងអង្គុយ បន្ទប់ទឹក អំពូលសូឡាជុំវិញអាងហែលទឹក របងកីឡដ្ឋានផ្នែកខាងជើង និងបន្ទប់ស្នាក់នៅរបស់បុគ្គលិកប្រចាំការ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា សន្ទុះការរីកចម្រើន នៃវិស័យកីឡាជាតិ ដោយទទួលបានការគាំទ្រ យ៉ាងពេញទំហឹង និងការផ្តល់ អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការយ៉ាងស្អិតរមួតពីវិស័យឯកជន បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញធនធាន និងថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលកីឡាករ ។ លោកបានរំលឹកដោយមោទនភាពនូវសមិទ្ធផល និងជ័យលាភីដ៏ត្រចះត្រចង់ ដែលកីឡាករ-កីឡាការិនីហែលទឹកកម្ពុជា សម្រេចបាននៅលើវេទិកាអន្តរជាតិ ជាពិសេសភាពជោគជ័យ ជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជោគជ័យទាំងនោះ មិនត្រឹមតែជាមេដាយដែលពាក់នៅលើទ្រូងរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យពិភពលោកបានឃើញពីឆន្ទៈដ៏មហិមារបស់កូនខ្មែរ និងជាកម្លាំងចិត្តយ៉ាងស្វាហាប់សម្រាប់យុវជនជំនាន់ក្រោយ ឱ្យខិតខំហ្វឹកហាត់ដើម្បីឈានទៅដណ្តើមមោទនភាពជូនជាតិមាតុភូមិនាពេលអនាគត។

ពិធីប្រគល់ និងទទួលសមិទ្ធផល ក្នុងកីឡដ្ឋានស្រុកកោះធំមានាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការនាំយក នូវកាលានុវត្តភាពថ្មីៗមកដល់កៀកនឹងមូលដ្ឋាន។ សមិទ្ធផលទាំងនេះ មិនត្រឹមតែជាការកែលម្អរូបវន្ត ឲ្យមានភាពទំនើបតាមស្តង់ដារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រក្នុងការបង្រួញគម្លាតហេដ្ឋារចនាសម្ព័ន្ធកីឡារវាងរាជធានី និងបណ្តាក្រុង-ស្រុកនានាតាមបណ្តាខេត្ត ដើម្បីជំរុញចលនាអប់រំកាយ និងកីឡាឱ្យរីកដុះដាលនៅគ្រប់ច្រកល្ហកទូទាំងប្រទេស៕

Most Popular

To Top