កីឡា

លោក ប៉ុន សុខ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ បញ្ញាត្តិទូទៅ បទបញ្ជាបច្ចេកទេស មុនការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាត់ ២០២៦

ភ្នំពេញ៖នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ព្រមទាំងប្រធាន អនុប្រធានការិយាល័យកីឡា ២៥ រាជធានីខេត្ត និងអ្នកតំណាងសហព័ន្ធកីឡាជាតិចំនួន ១២ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបញ្ញាត្តិទូទៅ បទបញ្ជាបច្ចេកទេស នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាត់ ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិ កីឡា បានប្រាបឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន ១២ ប្រភេទកីឡា។ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តទាំងអស់ មានសិទ្ធិចុះឈ្មោះបញ្ជូនអត្តពលិកតំណាងឲ្យរាជធានីខេត្តរបស់ខ្លួន មកចូលរួមការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ទៅតាមចំនួននិយាមនៅក្នុងបទបញ្ជាបច្ចេកទេស នៃប្រភេទកីឡានីមួយៗ។
ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ លើ១២ ប្រភេទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ-WT ប៉េតង់ គុនល្បុក្កតោ ហែលទឹក កីឡាចំចាប់ និងគុនដាវ ចំពោះទីលានមាន១០ ទីតាំង នៅពហុកីឡដ្ឋានជាតិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យបឹងត្របែក វិទ្យាល័យជា ស៊ីម បឹងកេងកង មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ វិទ្យាល័យវត្តកោះ វិទ្យាល័យច្បារអំពៅ និងផ្សារទំនើបអូឡាំព្យា ។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និង ស្ថិតិ កីឡា បានបញ្ជាក់ថា កីឡាករ-កីឡាការិនី ត្រូវតែជាសិស្ស ដែលកំពុងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សានៅរាជធានី ខេត្តរបស់ខ្លួន ដែលមានអាយុមិនលើស ១២ឆ្នាំ ដែលមានឆ្នាំកំណើត២០១៤។ កីឡាករ-កីឡាការិនី ត្រូវមានឯកសារបញ្ជាក់ (សេចក្តីចម្លងសំបុត្រកំណើត(ត្រាក្រហម) ត្រូវមានឯកសារប សៀវភៅស្នាក់នៅ (ថតចម្លង) និងប័ណ្ណសម្គាល់ខ្លួនសិស្សដែលមានបិទរូបថត ត្រាសាលា)។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រព្រឹត្តឡើងក្នុងគោលបំណង បំផុសសកម្មភាព អប់រំកាយ និងកីឡាតាមគ្រឹះស្ថានសិក្សា និងនៅតាមរាជធានី-ខេត្ត ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទា មំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើម បានលទ្ធផលល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ ។ មនុស្សគ្រប់រូបត្រូវការសុខដុមរមនា លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកដែលមានឧបនិស្ស័យ ដើម្បីជ្រើសរើសបានជា កីឡាករ-កីឡាការិនីថ្នាលល្អៗចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ត្រៀម លក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នានៅសង្គម។

លោក អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានបន្តថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ កីឡាករ និងកីឡាការនី ស្ថិតក្នុងវ័យកុមារភាព ដូច្នេះមន្ត្រីពាក់ព័ន្ធនានា មេត្តាជួយ ពន្យល់ ណែនាំដល់កីឡាករ កីឡាការនី អំពីសុវត្ថិភាព ក្នុងការប្រកួត ដល់ពួកគាត់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រោះប្រធានបទរបស់យើងគឺ កីឡាដើម្បីសុខភាពសិក្សា។ លោករដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ចង្អុលបង្ហាញបំពេញបន្ថែម នូវចំណុចសំខាន់ៗ ពាក់ព័ន្ធគណៈកម្មការរៀបចំការប្រកួត តាមផ្នែកនីមួយៗ ដើម្បីជំរុញឲ្យដំណើរការប្រកួតប្រព្រឹត្តិទៅបានរលូន និងទទួលបានជោគជ័យ៕

Most Popular

To Top