ម៉ាឡេស៊ី៖យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្ត្រីជនជាតិចិនម៉ាឡេស៊ីម្នាក់ បានក្លាយជាមនុស្សល្បី លើប្រព័ន្ធអ៊ីនធើណេត បន្ទាប់ពីវីដេអូមួយបានបង្ហាញថា នាងនិយាយភាសាតាមីល បានស្ទាត់ជំនាញ ខណៈពេលកំពុងបម្រើអតិថិជន នៅតូបបាយមាន់ របស់ឪពុកម្តាយនាងនៅប៉េណាង។
នេះបើយោងតាមកាសែត The Straits Times បាននិយាយថា វីដេអូឃ្លីបបណ្តាញសង្គម Instagram បានបង្ហោះនៅថ្ងៃទី ២៨ ខែមករា នាង Lynette Lee អាយុ ២៤ ឆ្នាំ កំពុងជជែកជាមួយអតិថិជនម្នាក់ជាភាសាតាមីល ដោយសួរថា តើគាត់ចង់បានទឹកជ្រលក់លើបាយមាន់របស់គាត់ដែរឬទេ និងថាតើគាត់ចង់បានបន្លែដែរឬទេ ។
វីដេអូនេះទទួលបានការចាប់ អារម្មណ៍យ៉ាងឆាប់រហ័ស ដោយទទួលបានការចូលចិត្តជាង ១១,៦០០ ដោយអ្នកប្រើប្រាស់ អ៊ីនធើណេតម្នាក់បានបញ្ចេញមតិថា ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាសាតាមីលរបស់អ្នក។ វីដេអូមួយផ្សេងទៀត គេឃើញ នាង Lee កំពុងនិយាយជាមួយក្រុមអតិថិជនជាភាសាតាមីល ដោយសួរថាតើពួកគេចង់បញ្ចូលគ្នា នូវការបញ្ជាទិញរបស់ពួកគេដែរឬទេ និងថាតើពួកគេចង់ឲ្យសាច់មាន់ ត្រូវបានកាត់ឆ្អឹងចេញឬអត់។
នាង Lee បានប្រាប់ Straits Times ថា នាង និងបងប្អូនបួននាក់របស់នាងត្រូវបានចិញ្ចឹម ដោយអ្នកមើលថែក្មេងជនជាតិឥណ្ឌាម្នាក់ ដែលធ្វើឲ្យពួកគេចេះភាសាតាមីលជារៀងរាល់ថ្ងៃនៅផ្ទះ ។ នាងបានបន្តថា នៅពេលយើងមានអាយុគ្រប់គ្រាន់ដើម្បីចងចាំ យើងអាចនិយាយ និងសន្ទនាជាភាសាតាមីលបានដោយធម្មជាតិ ដោយបន្ថែមថាពួកគេមិនមានការអប់រំជាផ្លូវការលើភាសានេះទេ៕
