ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា បន្តការដឹកជញ្ជូនប្រេងទៅកាន់អ៊ីស្រាអែល

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្តីអ្នកដែលបានដឹងអំពីកិច្ចព្រមព្រៀងនេះថា អ៊ីស្រាអែលបានទទួលការដឹកជញ្ជូនប្រេងឆៅលើកដំបូងរបស់ខ្លួនពីប្រទេសវេណេស៊ុយអេឡា ចាប់តាំងពីសហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវលើប្រទេសអាមេរិកឡាទីន និងបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមប្រតិបត្តិការយោធាដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro នៅដើមខែមករា ហើយឥឡូវនេះអះអាងថា បានដណ្តើមយកការគ្រប់គ្រងការនាំចេញប្រេងរបស់ប្រទេសនេះថែមទៀត។

យ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន ៧គ្រឿងដែលត្រូវបានចាត់ទុកថា បានរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិកត្រូវបានរឹបអូសចាប់តាំងពីពេលនោះមក រួមទាំងនាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីមួយគ្រឿងនៅកណ្តាលមហាសមុទ្រអាត្លង់ទិក ហើយទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ក្រុមហ៊ុនផលិតប្រេងរបស់វេណេស៊ុយអេឡាមិនឱ្យធ្វើអាជីវកម្មជាមួយរុស្ស៊ី និងចិនផងដែរ។

ប្រភពដែលនិយាយក្នុងលក្ខខណ្ឌអនាមិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា ប្រេងកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ក្រុមហ៊ុន Bazan Group ដែលជាក្រុមហ៊ុនកែច្នៃប្រេងឆៅធំជាងគេរបស់អ៊ីស្រាអែល។ ការដឹកជញ្ជូននេះត្រូវបានគេរាយការណ៍ថាជាលើកដំបូងនៃប្រភេទរបស់វាចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២០ នៅពេលដែលអ៊ីស្រាអែលបានទទួលប្រហែល ៤៧០.០០០ បារ៉ែល នេះបើយោងតាមទិន្នន័យដែលតាមដានដោយ Kpler៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top