ព័ត៌មានអន្តរជាតិ

សិស្សចិនអាយុ ១៤ ឆ្នាំម្នាក់កំពុងល្បីលើប្រព័ន្ធ អ៊ីនធើ​ណេត ដោយសារតែគាត់កំពុងយួរឥវ៉ាន់ យ៉ាងច្រើនទៅផ្ទះ សម្រាប់បុណ្យចូលឆ្នាំចិន

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សិស្សសាលាបណ្ដុះបណ្ដាល ក្មេងជំទង់អាយុ ១៤ ឆ្នាំ ម្នាក់បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើអ៊ីនធើណេតក្នុងប្រទេសចិន បន្ទាប់ពីត្រូវបានគេប្រទះ ឃើញនៅស្ថានីយ៍រថភ្លើងក្វាងចូវ ខណៈពេលកំពុងយួរឥវ៉ាន់ ដ៏ធំមួយដែលចងនៅខាងក្រោយខ្នង ។

នេះបើយោងតាមសារព័ត៌មានក្នុងស្រុក Guangzhou Daily បាននិយាយថា ក្មេងជំទង់ He Zirui ជាសិស្សថ្នាក់ទី ៨ នៅវិទ្យាល័យមួយ ទីក្រុងក្វាងចូវ បានបញ្ចប់ការសិក្សាឆមាសទីមួយ របស់គាត់នៅថ្ងៃទី ៣០ ខែមករា ហើយបានធ្វើដំណើរតែម្នាក់ឯងទៅកាន់ស្ថានីយ៍រថភ្លើង ដើម្បីជិះរថភ្លើងទៅផ្ទះ សម្រាប់បុណ្យចូលឆ្នាំចិន។

នេះបើយោងតាមកាសែត South China Morning Post បានចេញផ្សាយថា រូបថតរបស់លោក He ឈរនៅស្ថានីយ៍ជាមួយនឹង ឥវ៉ាន់មួយបាច់ធំ ដែលចងនៅខាងក្រោយ រួមទាំងភួយ និងស្បែកជើង ចងយ៉ាងស្អាត ត្រូវបានចែករម្លែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន។

អ្នកប្រើប្រាស់អ៊ីនធើណេតម្នាក់បានបញ្ចេញមតិថា គាត់បានខ្ចប់របស់របរជាច្រើនដោយខ្សែពួរ សូម្បីតែជាមនុស្សពេញវ័យក៏ដោយ ខ្ញុំមិនអាចធ្វើបែបនោះបានទេ។ម្នាក់ទៀតបាននិយាយថា ជំនាញវេចខ្ចប់របស់គាត់ពិតជាអស្ចារ្យណាស់ របស់របរទាំងអស់នោះមិនបានធ្លាក់តាមផ្លូវទេ។

ក្រុមគ្រួសាររបស់គាត់បានប្រាប់ Guangzhou Daily ថា គាត់បានប្រើជំនាញដែលបានរៀននៅជំរុំរដូវក្តៅយោធាដើម្បីបត់ភួយ វេចខ្ចប់ស្បែកជើង និងចងខ្សែពួរ។ ចំណែកក្មេងជំទង់បាននិយាយថា មិត្តរួមបន្ទប់របស់ខ្ញុំបានជួយខ្ញុំ ដោយចុចថង់ ហើយខ្ញុំបានប្រើខ្សែពួរដើម្បីចងវា។ វាចំណាយពេលយើង ២០ នាទីដើម្បីវេចខ្ចប់វាទាំងអស់៕

Most Popular

To Top