រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តចូលរួមជាអធិបតីក្នុង វេទិកាពិភាក្សាទី៤ ស្តីពី “អភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាព និងកិត្យានុភាពជាតិ” ដែលជារបៀបវារៈថ្ងៃទី២ នៃព្រឹត្តិការណ៍សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រតិភូគណៈអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រតិភូអប់រំ យុវជន និងកីឡាមកពីទូទាំង ២៥ រាជធានី-ខេត្ត។

របៀបវារៈ នៃវេទិកាទី៤ ស្តីពី “អភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាព និងកិត្យានុភាពជាតិ” សម្របសម្រួលដោយលោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការ ដែលរួមមានបទបង្ហាញ៖
១) បទបង្ហាញស្តីពី “ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំ និងសុខភាពសាធារណៈ ដោយ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត
២) បទបង្ហាញស្តីពី “ការលើកកម្ពស់ការហាត់ហ្វឹកហ្វឺនកីឡាករជម្រើសជាតិ និងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡា និងកិត្យានុភាពជាតិ ដោយ លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា
៣) បទបង្ហាញស្តីពី “ការពង្រឹងវប្បធម៌កីឡាស្អាតស្អំនៅកម្ពុជា” ដោយ លោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា
៤) បទបង្ហាញស្តីពី “ការលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន” ដោយលោក លី លាងសេង អនុប្រធាននាយកដ្ឋានសុខភាពសិក្សា។



គួរបញ្ជាក់ដែរថា សន្និបាតអប់រំប្រចាំឆ្នាំ២០២៦នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ហើយ ថ្ងៃស្អែកត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងមានការបិទបញ្ចប់សន្និបាតអប់រំឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕




