ភ្នំពេញ ៖ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានមានប្រសាសន៍ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ពីថ្ងៃទី០៣ ដល់ ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិ មរតកតេជោ ទទួលបានអត្ថប្រយោជន៍ច្រើន ។

លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាអនុប្រធានសហព័ន្ធ កីឡាវាយកូនបាល់អាស៊ី ទទួលបន្ទុកប្រធានគណៈកម្មការអភិវឌ្ឍន៍យុវជនក្រោម១៨ឆ្នាំ និងផ្នែកគ្រូបង្វឹក បានបញ្ជាក់ក្នុងឱកាសបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោយដំណើរការប្រកួតរយៈពេល២សប្តាហ៍ ដោយមាន១២ប្រទេសចូលរួម សរុបគ្រូបង្វឹក កីឡាករ កីឡាការិនី ៦០នាក់។
លោក ទេព រិទ្ធិវិទ្ធ បានបន្ថែមថា ក្នុងនាមម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិប្រចាំតំបន់វ័យក្រោម១៤ឆ្នាំនេះ យើងពិតជាមានមោទនភាព មាន១២ប្រទេសចូលរួម ដោយបានបង្ហាញសញ្ញាណដ៏ល្អ ។ ការប្រកួតអន្តរជាតិនេះ អ្វីដែលជារឿងសំខាន់នោះ គឺកីឡាករ-កីឡាការិនី បានចូលរួមប្រកួតបានច្រើន គឺ ទទួលបានពិន្ទុ កាន់តែច្រើន ហើយក្នុងនាមសហព័ន្ធ កីឡាវាយកូនបាល់អាស៊ី បានស្នើសុំឱ្យសហព័ន្ធកីឡា វាយកូនបាល់ទាត់អន្តរជាតិ (ITF) ទទួលស្គាល់ពិន្ទុ ដែលទទួលបានក្នុងការប្រកួតកម្រិតអាស៊ីនេះ ។
ដូច្នេះ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី ក៏ដូចជាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ពិតជាមានកិត្តិយសណាស់ ដែលទទួលបានការរៀបចំធ្វើម្ចាស់ផ្ទះ ជាមួយនឹងការផ្តល់បទពិសោធន៍ ជូនដល់កីឡាករ កីឡាការិនីកម្ពុជា ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយកីឡាករ កីឡាការិនីមកពីប្រទេសខ្លាំងៗ ជាង បើទោះជាគុណភាពបច្ចេកទេស របស់អត្តពលិកកម្ពុជានៅខ្សោយជាងគេបន្តិចក៏ពិតមែន ។ ការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា បានផ្តល់សិទ្ធិដល់កីឡាករ-កីឡាការិនី ទទួលបានពិន្ទុ សម្រាប់ត្រៀមចូលរួមប្រកួតអន្តរជាតិក្រៅទ្វីបអាស៊ី នាពេលខាងមុខ ដោយចាប់ពីកម្ពុជាជាម្ចាស់ផ្ទះក្នុងខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅនឹងត្រូវចាប់អនុវត្តបូកបន្ថែមពិន្ទុរបស់អត្តពលិកសម្រាប់ITF បន្ទាប់ពីលោក ទេព រិទ្ធិវិទ្ធ ក្នុងនាមជាអនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានស្នើសុំទៅ ITF ។

លោក ទេព រិទ្ធិវិទ្ធ បានសង្កត់ធ្ងន់ថា តាមរយៈការបូកពិន្ទុ សម្រាប់កម្រិតអន្តរជាតិនេះជាកម្លាំងចិត្តបន្ថែម ក្នុងការជួយជំរុញដល់ទឹកចិត្តកីឡាករ កីឡាការិនីនានាក្នុងអាស៊ី ជាពិសេសកីឡាករ កីឡាការិនីកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ លោកលើកឡើងថា សម្រាប់ការហ្វឹកហាត់ ដែលគ្មានការប្រកួត គឺមិនបានដុសខាត់ គុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីនោះទេ។ ដូច្នេះទោះចាញ់ការប្រកួត ក៏ត្រូវតែប្រកួតឱ្យបានច្រើន ហើយបច្ចេកទេសនឹងឡើងទៅតាមនោះដែរ ។

ចំពោះសមាសភាពកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាមាន៤នាក់ គឺកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ៕






