អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ ក្នុងអំឡុងពេលការប្រកួតកីឡាហុកគី លើទឹកកករបស់យុវជនអាមេរិក “boys’ hockey game” នៅ Pawtucket រដ្ឋ Rhode Island កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ២ នាក់។
ការបាញ់ប្រហារនេះបានកើតឡើងនៅ Dennis M. Lynch Arena នៅពេលការប្រកួតរវាងក្រុមកីឡាហុកគីលើទឹកកក Coventry/Johnston និងក្រុមកីឡាហុកគីលើទឹកកក Blackstone Valley Co-op។
លោកស្រី Tina Goncalves នាយប៉ូលីស Pawtucket បាននិយាយថា ការវាយប្រហារនេះហាក់ដូចជាត្រូវបានកំណត់គោលដៅ និងបណ្តាលមកពីជម្លោះគ្រួសារ ។ លោកស្រីបានបន្ថែមថា បន្ទាប់ពីសម្លាប់មនុស្សពីរនាក់ ជនសង្ស័យបានស្លាប់ ដោយសារអ្វីដែលអាជ្ញាធរជឿថា ជារបួសដោយកាំភ្លើងបាញ់ខ្លួនឯង។
ប៉ូលីសបាននិយាយថា មនុស្ស ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ។
យោងតាមកាសែត The Providence Journal បាននិយាយថា យ៉ាងហោចណាស់មានការបាញ់ប្រហារចំនួន ១៤ គ្រាប់ ហើយការផ្សាយផ្ទាល់ នៃការប្រកួតបង្ហាញថា កីឡាករ និងអ្នកទស្សនាកំពុងរត់គេចខ្លួនដោយភ័យស្លន់ស្លោ៕
