ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ បើកការវាយប្រហារ ដោយយន្តហោះដ្រូន ទ្រង់ទ្រាយធំ​ នៅតំបន់​ Bryansk របស់រុស្ស៊ី

មូស្គូ៖ ការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកដ៏មានឥទ្ធិពល និងធំធេងបំផុត ត្រូវបានធ្វើឡើងដោយយោធា អ៊ុយក្រែននៅក្នុងតំបន់ Bryansk របស់រុស្ស៊ី​ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល នេះបើយោងតាមអភិបាលតំបន់ លោក Alexander Bogomaz ។

លោកបានបន្ថែមទៀតថា ការវាយប្រហារទាំងនេះមានរយៈពេលជាង ១២ ម៉ោងចាប់ពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ រហូតដល់ម៉ោងប្រហែល ៨:០០ យប់ ម៉ោងក្នុងស្រុក ខណៈដែលកងកម្លាំងរុស្ស៊ី​ បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្សបើកស្លាបថេរជាង ១៧០ គ្រឿងក្នុងអំឡុងពេលនោះ។

លោកបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន ២២៩ គ្រឿងត្រូវបានបំផ្លាញក្នុងរយៈពេល ២៤ ម៉ោងនៅក្នុងតំបន់នេះ ដោយចាប់ផ្តើមពីម៉ោង ៨:០០ ព្រឹកនៅថ្ងៃទី ១៥ ខែកុម្ភៈ។

លោក​បាន​លេីកឡេីងថា ការវាយប្រហារ​ទាំងនេះ​បាន​បំផ្លាញ​កន្លែង​ផ្គត់ផ្គង់​ថាមពល​ជាច្រើន ដោយ​រំខាន​ដល់​សេវាកម្ម​អគ្គិសនី និង​កំដៅ​ជា​បណ្ដោះអាសន្ន​នៅក្នុង​ស្រុក​ក្រុង​ចំនួន​៥​ នៃ​តំបន់ និង​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ក្នុង​តំបន់ ដោយ​បាន​កត់សម្គាល់​ថា ក្រុម​សង្គ្រោះបន្ទាន់​បាន​ស្តារ​ថាមពល និង​កំដៅ​ឡើងវិញ​បន្ទាប់ពី​ប្រហែល​ ៣ម៉ង ដោយ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ និង​ធ្វើឱ្យ​ប្រព័ន្ធ​បម្រុងទុក​សកម្មឡេីងវិញ។

យោធា​អ៊ុយក្រែន​ក៏បាន​វាយប្រហារ​តំបន់​ផ្សេងទៀត​រវាង​ថ្ងៃទី១៥​ និង ១៦​ ខែកុម្ភៈ​ផងដែរ។ នៅក្នុងតំបន់ Belgorod យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៨៨​ គ្រឿង​ត្រូវបាន​រកឃើញ​ក្នុងរយៈពេល ២៤​ ម៉ោង​កន្លងមក ដែលក្នុងនោះ ៥១គ្រឿង​ត្រូវបាន​បាញ់​ទម្លាក់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top