កីឡា

លោក កែ ប៊ុនខៀង ដឹកនាំកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨

ភ្នំពេញ៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានឯកភាព និងយល់ព្រមអនុញ្ញាតជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតនេះ។

ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកអនុប្រធាននាយកដ្ឋាន ប្រធានការិ អនុប្រធានការិយាល័យ ព្រមទាំងលោក លោកស្រីពាក់ព័ន្ធនានាក្រោមឱវាទអគ្គនាយកដ្ឋានកីឡា ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីខែឧសភា ឆ្នាំ២០២៨ ពិតជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាជាមុខមាត់កេរ្តិ៍ឈ្មោះ និងជាកម្លាំងថាមពលត្រូវដាក់បង្ហាញពិភពលោកឲ្យស្គាល់ពីវប្បធម៌ អរិយធម៌ ទេសចរណ៍ ការទូត សេដ្ឋកិច្ច សង្គមខ្មែរដ៏រុងរឿងថ្កុំថ្កើងបន្ថែមទៀត។

លោក អគ្គលេខាធិការ សហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានបន្តថា ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននេះនឹងក្លាយជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ និងចងចាំក្នុងប្រវត្តិសាស្ត្រកីឡាជាតិ និងអន្តរជាតិ ព្រមទំាងជាឱកាសនៃការអភិឌ្ឍហេដ្ឋានរចនាសម្ព័ន្ធកីឡាទុកជាមរតកមនុស្សជាតិ និងយុវជនគ្រប់ជំនាន់ និងកសាងសមត្ថភាព គុណភាពជីវិតប្រជាពលរដ្ឋ។ថែមទំាងឲ្យកម្ពុជាក្លាយជាប្រទេសមានសក្តានុពលកីឡាក្នុង តំបន់ និងលើកពិភពលោក។

កម្ពុជាធ្លាប់បានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games)ចំនួន ៦លើកចាប់តាំងឆ្នាំ២០១២រហូតដល់ឆ្នាំ២០២៤ ដណ្តើមបានមេដាយចំនួន ៧១ គ្រឿង ក្នុងនោះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ២៦ គ្រឿង និងមេដាយសំរិទ្ធ ៣៣ គ្រឿង៕

ដោយ៖លី ភីលីត

Most Popular

To Top