ជប៉ុន ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ក្រុមចម្រៀងបុរស K-pop ZeroBaseOne នឹងធ្វើការប្រគំតន្ត្រី បន្ថែមនៅទីក្រុង Yokohama ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ខណៈ ក្រុមនេះបញ្ចប់ដំណើរទេសចរណ៍ពិភពលោករបស់ខ្លួន និងរៀបចំបន្តជាក្រុម ដែលមានសមាជិក ៨ នាក់។
នេះបើយោងតាមភ្នាក់ងារ របស់ក្រុម WakeOne កាលពីថ្ងៃពុធ បាននិយាយថា ការសម្តែងនៅ K-Arena Yokohama គឺជាផ្នែកមួយនៃដំណើរទេសចរណ៍ “Here & Now” របស់ក្រុម ដែលបានចាប់ផ្តើម នៅទីក្រុងសេអ៊ូល និងបានផ្លាស់ប្តូរទៅទីក្រុងបាងកក សៃតាម៉ា កូឡាឡាំពួរ សិង្ហបុរី តៃប៉ិ និងហុងកុង ។ ដំណើរទេសចរណ៍នេះ បានទាក់ទាញអ្នកគាំទ្រ ជាង ១៥០,000 នាក់។
នេះបើតាមភ្នាក់ងារ WakeOne របស់ ZeroBaseOne បាននិយាយថា កម្មវិធីសម្ដែងនៅទីក្រុង Yokohama ក៏នឹងត្រូវបានផ្សាយផ្ទាល់នៅប្រទេសកូរ៉េនៅរោងភាពយន្ត CGV រួមទាំងទីតាំងនៅទីក្រុង Busan, Yongsan, Wangsimni និង Yeongdeungpo Times Square។ សំបុត្រសម្រាប់ការចាក់បញ្ចាំង ត្រូវបានលក់អស់ភ្លាមៗបន្ទាប់ពីការលក់បានបើក ដោយកៅអីបន្ថែមក៏ត្រូវបានកក់ពេញដែរ
បន្ទាប់ពីការប្រគំតន្ត្រី នៅប្រទេសជប៉ុន ក្រុមតន្ត្រី នឹងធ្វើការ សម្ដែងបន្ថែមនៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែមីនា ដែលនឹងបញ្ចប់ដំណើរ សម្ដែងទូទាំងពិភពលោក របស់ខ្លួន៕
