កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា កីឡាករឈ្នះមេដាយប្រាក់កីឡាប៊ូបស្លេតអូឡាំពិកឆ្នាំ ២០១៨ លោក Won Yun-jong ត្រូវបានជ្រើសរើសជាសមាជិកគណៈកម្មការ អត្តពលិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃព្រហស្បតិ៍ ដោយក្លាយជាជនជាតិកូរ៉េទី៣ និងជាអត្តពលិកអូឡាំពិក រដូវរងាដំបូងគេ បានចូលរួមជាមួយស្ថាប័នតំណាងឲ្យអត្តពលិកដទៃទៀត។
IOC បានប្រកាសលទ្ធផលបោះឆ្នោត សម្រាប់គណៈកម្មការអត្តពលិកកាលពីថ្ងៃព្រហស្បតិ៍ ហើយ Won Yun-jong បានបញ្ចប់ចំណាត់ថ្នាក់លេខមួយ ក្នុងចំណោមបេក្ខជនចំនួន ១១ នាក់ ដោយទទួលបានសំឡេងឆ្នោតចំនួន ១.១៧៦ ពីអត្តពលិកចំនួន ២.៣៩៣ នាក់ដែលបានបោះឆ្នោត។
អត្តពលិកប៊ីយ៉ាអេស្តូនី នាង Johanna Taliharm បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ដោយមានសំឡេងគាំទ្រចំនួន ៩៨៣ ។ អ្នកដែលទទួលបានសំឡេងគាំទ្រកំពូល ២ នាក់នឹងជំនួសសមាជិក ២ នាក់ដែលចាកចេញគឺ Emma Terho និង Astrid Uhrenholdt Jacobsen។
លោក Won បាននិយាយក្នុង សារវីដេអូមួយដែលចេញផ្សាយដោយគណៈកម្មាធិការកីឡា និងអូឡាំពិកកូរ៉េ (KSOC) ថា ខ្ញុំពិតជាភ័យខ្លាំងណាស់មុន ពេលលទ្ធផលត្រូវបានប្រកាស ។ ខ្ញុំពិតជារីករាយណាស់ការងារដែលខ្ញុំបានខិតខំប្រឹងប្រែងដើម្បីជួបជាមួយអត្តពលិក និងកសាងបណ្តាញទំនាក់ទំនង ទទួលបានផ្លែផ្កា ។ ខ្ញុំចង់ថ្លែងអំណរគុណ ដល់ក្រុមគ្រួសាររបស់ខ្ញុំ ចំពោះការគាំទ្ររបស់ពួកគេ។ ឥឡូវនេះខ្ញុំនឹងព្យាយាមទាក់ទង ទៅកាន់អត្តពលិកជាមុនសិន ហើយខិតខំធ្វើការឲ្យអស់ពីសមត្ថភាព សម្រាប់ពួកគេតាមដែលអាចធ្វើទៅបាន។
អត្តពលិកដែលចូលរួម ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ បានធ្វើការបោះឆ្នោតចាប់ពីថ្ងៃទី ៣០ ខែមករា នៅពេលភូមិអត្តពលិក នៅទូទាំងភាគខាងជើង ប្រទេសអ៊ីតាលីបានបើក រហូតដល់ម៉ោង ២ រសៀលថ្ងៃពុធ។ លទ្ធផលត្រូវបានប្រកាស៣ថ្ងៃមុនពិធីបិទ៕ https
