ភ្នំពេញ ៖ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានអញ្ជើញ ជាអធិបតី ក្នុងកម្មវិធីសន្តិបាតបូក សរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ នៅសាលប្រជុំ ក្នុងមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹកកីឡាដ៏មានការអញ្ជើញចូលរួមពីសំណាក់លោក ជ្រិន សុធា អគ្គលេខាធិការ លោក ម៉ៅ ស្រេង លោក យិន ភិរៈ អនុប្រធា ខេមរសហព័ន្ធកីឡាតេក្វាន់ដូ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ជ្រិន សុធា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា ការប្រឡងខ្សែក្រវាត់ខ្មៅដាន់ KUKKIWOចំនួន ០៦លើក នៅទូទាំងរាជធានី-ខេត្ត ២៧៣នាក់៖ ខ្មៅ ១ដាន់ចំនួន ២៣១នាក់ ខ្មៅ ២ដាន់ចំនួន ២៧នាក់ ខ្មៅ ៣ដាន់ចំនួន០៧នាក់ ខ្មៅ ៤ដាន់ចំនួន ៥នាក់ និង ខ្មៅ ៥ដាន់ចំនួន ៣ នាក់ ។ ក្លិបស្នើសុំចូលជាសមាជិក មានចំនួន ០៩ក្លិប (ភ្នំពេញ ០៦ក្លិប និងបាត់ដំបង ០៣ក្លិប) និងត្រៀមបង្កើនក្លិបកីឡាតេក្វាន់ដូWT នៅតាមបណ្តាខេត្តមួយចំនួនបន្ថែម ។

លោកអគ្គលេខាធិការ បានបន្តថា គុណផលទទួលដែលទទួលបានរបស់ខេមរសហព័ន្ធកីឡាតេក្វាន់ដូ គឺជាការរួមចំណែក និងខិតខំយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា, សមាជិកក្លិបកីឡាតេក្វាន់ដូ WT ស្ថាប័ន/អង្គភាពរដ្ឋ និងឯកជន រួមទាំងអង្គការអន្តរជាតិនានា ទើបអាចសម្រេចបានប្រកប ដោយភាពជោគជ័យ ថែមមួយកម្រិតទៀត ។
ទោះបីជា ការងារអនុវត្ត នៅមានការខ្វះចន្លោះ គណៈកម្មាធិការប្រតិបត្តិខេមរសហព័ន្ធតេក្វាន់ដូ នឹងខិតខំប្រឹងប្រែងជានិច្ច ដើម្បីគោលដៅឆ្ពោះ ទៅកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN University Games) លើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ ឆ្នាំ២០៣១ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រួមទាំងត្រៀម សម្រាប់ការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា ជាពិសេសគោលដៅធំ និងចំបងរបស់សហព័ន្ធ គឺ «ឆ្ពោះទៅការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្តៅ» នាពេលអនាគត ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមាន របស់សមាជិកក្លិបកីឡាតេក្វាន់ដូWTទាំងអស់ ដែលបានចូលរួមក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥នាពេលនេះ។ សកម្មភាពនេះជាការរួមចំណែកក្នុងការចែករម្លែកនូវបទពិសោធន៍ និងចំណេះដឹងបន្ថែម លើវិស័យកីឡាតេក្វាន់ដូWT នៅព្រះរាជាណាចក្រកម្ពុជា។ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងគ្រប់ក្លិបកីឡាតេក្វាន់ដូWT ទាំងអស់ សហការធ្វើយ៉ាងណា ជំរុញការផ្សព្វផ្សាយប្រភេទកីឡាមួយនេះ ឲ្យបានទូលំទូលាយជាងមុន ពិសេសនៅតាមបណ្តាខេត្តផ្សេងៗបន្ថែមទៀតពុំទាន់មានដំណើរការ ព្រោះកីឡាតេក្វាន់ដូWT នាំមកនូវ សុខភាព មិត្តភាព សាមគ្គីភាព ជាពិសេសកុមារ និងយុវជន តាមរយៈ ការចូលរួមហ្វឹកហាត់កីឡាជាប្រចាំ ព្រោះវាអាចជួយឱ្យពួកគាត់ជៀសផុតពីគ្រឿងញៀន និងអំពើ អបាយមុខផ្សេងៗ ជាងនេះទៅទៀត ក៏អាចជួយបង្កើនសតិបញ្ញាស្មារតីរបស់ពួកគាត់ បានច្រើន ថែមទៀត។

លោកប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានបញ្ជាកថា សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសា្ថនទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារជាច្រើន សម្រាប់ដំណើរការ របស់ខេមរសហព័ន្ធតេក្វាន់ដដល់បច្ចុប្បន្ន និងសូមថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូជាគ្រូបង្វឹក កីឡាតេក្វាន់ដូWT ទាំងអស់បានខិតខំប្រឹងប្រែងបណ្តុះបណ្តាលដល់កីឡាករ និងកីឡាការិនី ជាធនធានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ គោលបំណងដើម្បីលើកស្ទួយវិស័យកីឡាតេក្វាន់ដូWT នៅកម្ពុជាឲ្យមានការរីកចម្រើន៕




