វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា អ៊ីរ៉ង់មានរយៈពេល ១០ ទៅ ១៥ថ្ងៃដើម្បីឈានដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើមិនដូច្នោះទេ «រឿងអាក្រក់ៗ» នឹងកើតឡើង។
លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា «ខ្ញុំគិតថានោះជាពេលវេលាគ្រប់គ្រាន់ហើយ»។ លោកបានលេីកឡេីងថា «យើងនឹងទទួលបានកិច្ចព្រមព្រៀង ឬវានឹងជារឿងអកុសលសម្រាប់ពួកគេ»។

មុននេះបន្តិចនៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានឧ្យដឹងនៅក្នុងកិច្ចប្រជុំបើកសម្ពោធ «ក្រុមប្រឹក្សាសន្តិភាព» ថា លទ្ធផលនៃការចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងត្រូវសម្រេចក្នុងរយៈពេល ១០ថ្ងៃខាងមុខ ដោយហៅអ៊ីរ៉ង់ថា «ជាចំណុចក្តៅមួយនៅពេលនេះ»។
លោក ត្រាំ បានបន្ដថា «វាត្រូវបានបង្ហាញ ឱ្យឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វាមិនងាយស្រួលទេក្នុងការ ធ្វើកិច្ចព្រមព្រៀង ដ៏មានអត្ថន័យជាមួយអ៊ីរ៉ង់ ហើយយើងត្រូវតែធ្វើកិច្ចព្រមព្រៀងដ៏មានអត្ថន័យ។ បើមិនដូច្នោះទេ រឿងអាក្រក់ៗនឹងកើតឡើង»។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានឧ្យដឹងថា កិច្ចចរចាជុំទីពីររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ បានបង្ហាញ សញ្ញាវិជ្ជមានមួយចំនួន ប៉ុន្តែខ្សែបន្ទាត់ក្រហមសំខាន់ៗ របស់សហរដ្ឋអាមេរិក នៅតែមិនទាន់ត្រូវបានបំពេញ៕
ប្រែសម្រួល ឈូក បូរ៉ា
