ម៉ិកស៊ិក៖ការប្រកួតបាល់ទាត់ចំនួន ៤ នៅប្រទេសម៉ិកស៊ិកត្រូវបានពន្យារពេល បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅជិតទីក្រុង Guadalajara ដែលជាទីក្រុងមួយក្នុងចំណោម ទីក្រុងម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “World Cup 2026 ” របស់ប្រទេសនេះ បន្ទាប់ពីប្រតិបត្តិការយោធាមួយកាលពីថ្ងៃអាទិត្យ បានធ្វើឲ្យមេដឹកនាំក្រុមជួញដូរគ្រឿងញៀន Nemesio Oseguera ឬ “El Mencho” ស្លាប់។
យោងតាមក្រសួងការពារជាតិ បាននិយាយថា លោក Oseguera អាយុ ៥៩ ឆ្នាំ ជាមេក្លោងនៃក្រុមជួញដូរគ្រឿងញៀន Jalisco New Generation Cartel (CJNG) ដ៏មានឥទ្ធិពល បានស្លាប់ក្នុងពន្ធនាគារ បន្ទាប់ពីរងរបួសក្នុងប្រតិបត្តិការកងកម្លាំងពិសេសមួយនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក រដ្ឋ Jalisco។
Mexican league បាននិយាយនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា ការប្រកួតកំពូល២ គ្រោងធ្វើនៅថ្ងៃអាទិត្យ គឺ Queretaro ទល់នឹង FC Juarez ក្នុងលីគបុរស និង Chivas ទល់នឹង America ក្នុងលីគនារី ត្រូវបានពន្យារពេលដោយគ្មានកំណត់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការប្រកួតលីគទី ២ ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ក៏ត្រូវបានលុបចោល។ ការប្រកួតនារីថ្ងៃអាទិត្យរវាងក្រុម Necaxa និងក្រុម Queretaro ទីក្រុង Aguascalientes ត្រូវបានផ្អាក នៅពេលកីឡាកររត់ចេញពីទីលាន បន្ទាប់ពីឮសំឡេងខ្លាំងៗនៅខាងក្រៅ Estadio Victoria ។
ការប្រកួតបានបន្តឡើងវិញនៅពេលក្រោយ ដោយក្រុម Necaxa ឈ្នះ ២-១។ ក្រុមជម្រើសជាតិម៉ិកស៊ិកនឹងត្រូវប្រកួតជាមួយក្រុមអ៊ីស្លង់នៅថ្ងៃពុធក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Corregidora ទីក្រុង Queretaro។
ទន្ទឹមនឹងនេះ អ្នករៀបចំការប្រកួតវាយកូនបាល់បុរស Mexican Open ទីក្រុង Acapulco បាននិយាយថា ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃចន្ទតាមការគ្រោងទុកក្រោមពិធីសារសន្តិសុខដែលបានកំណត់។ ការប្រកួតវាយកូនបាល់នារី Merida Open នៅតំបន់ភាគខាងកើតនៃប្រទេសក៏បានដំណើរការទៅតាមការគ្រោងទុក៕
