ជប៉ុន ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា អាជ្ញាធរជប៉ុនបានចាប់ខ្លួន ផលិតករតន្ត្រីជនជាតិកូរ៉េខាងត្បូង ២ នាក់ដែលមានទំនាក់ទំនង ជាមួយភ្នាក់ងារកម្សាន្ត XGALX ដោយសង្ស័យថា កាន់កាប់គ្រឿងញៀនកាលពីថ្ងៃចន្ទ។
ក្រុមហ៊ុនបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអង្គារថា យើងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការព្រួយបារម្ភ ដែលបណ្តាល មកពីការចាប់ខ្លួនផលិតកររបស់យើង។ ព័ត៌មានលម្អិតជាក់លាក់ ទាក់ទងនឹងករណីនេះមិនទាន់ ត្រូវបានបញ្ជាក់នៅឡើយទេ ។ យើងកំពុងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីផ្ទៀងផ្ទាត់ការពិត និងកំពុងសហការយ៉ាង ពេញលេញជាមួយការស៊ើបអង្កេត។
ក្រុមហ៊ុនបានបន្តថា នៅពេលដែលការពិត ត្រូវបានបញ្ជាក់យ៉ាងច្បាស់ យើងនឹងផ្តល់សេចក្តីថ្លែងការណ៍បន្ថែមភ្លាមៗ និងមានតម្លាភាព។ យើងសូមអភ័យទោសចំពោះកង្វល់ និងការរអាក់រអួលណាមួយ ។ លោក Simon Jakops មានឈ្មោះពិតថា Park Jun-ho គឺជាប្រធាន XGALX និងជាអតីតសមាជិកក្រុមចម្រៀង បុរស Dalmatians។ បច្ចុប្បន្នlokធ្វើការជាអ្នកផលិត សម្រាប់ក្រុមចម្រៀងនារីជប៉ុន XG។
យោងតាមសារព័ត៌មាន Kyodo News បានឲ្យដឹងថា លោកត្រូវបានចាប់ខ្លួនរួមជាមួយផលិតករ និងតារាចម្រៀង Chancellor មានឈ្មោះពិតថា Kim Jeong-seung ពីបទសង្ស័យរំលោភលើច្បាប់ត្រួតពិនិត្យគ្រឿងញៀន និងគ្រឿងញៀនផ្លូវចិត្តរបស់ប្រទេសជប៉ុន។
អ្នកទាំង ២ ត្រូវបានឃុំខ្លួនក្នុងបន្ទប់សណ្ឋាគារមួយនៅខេត្ត Aichi ប្រទេសជប៉ុន នៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយសង្ស័យថា មានកូកាអ៊ីន។ មនុស្សសរុបចំនួន ៤ នាក់ត្រូវបានគេរាយការណ៍ថា មានវត្តមាននៅកន្លែងកើតហេតុ រួមទាំងផលិតករ ២ នាក់ និងបុគ្គលិក ២ នាក់នៃភ្នាក់ងារក្នុងស្រុកមួយ៕
