ព័ត៌មានអន្តរជាតិ

​ លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា​ កងកម្លាំងអាមេរិក​ បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៩ គ្រឿង

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានបញ្ជាក់ថា​ កងកម្លាំងអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៩ គ្រឿង និងបានបំផ្លាញទីស្នាក់ការកណ្តាលកងទ័ពជើងទឹក អ៊ីរ៉ង់យ៉ាងច្រើន។

លោក ត្រាំ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ​ Truth Social របស់លោកថា “ខ្ញុំទើបតែទទួលបានដំណឹងថាយើងបានបំផ្លាញ និងបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ចំនួន ៩ គ្រឿង ដែលខ្លះមានទំហំធំ និងតួនាទីសំខាន់”។

លោក ដូណាល់​ ត្រាំ​ បានលេីកឡេីងថា “នៅក្នុងការវាយប្រហារមួយផ្សេងទៀត យើងបានបំផ្លាញទីស្នាក់ការកណ្តាល កងទ័ពជើងទឹករបស់ពួកគេយ៉ាងច្រើន” ដោយបន្ថែមថាយោធាអាមេរិក​ កំពុងតាមប្រមាញ់កងនាវាចម្បាំងអ៊ីរ៉ង់​ ដែលនៅសល់។

មុននេះបន្តិចនៅថ្ងៃអាទិត្យ លោក ត្រាំ​ បានប្រាប់សារព័ត៌មាន Fox News ថាមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤៨ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ។

ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ក៏បាននិយាយនៅថ្ងៃអាទិត្យផងដែរថា កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារនាវាចម្បាំងថ្នាក់ Jamaran របស់អ៊ីរ៉ង់នៅពេលចាប់ផ្តើមយុទ្ធនាការយោធា ដែលមានឈ្មោះថា Operation Epic Fury នៅព្រឹកថ្ងៃសៅរ៍៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top