ភ្នំពេញ ៖ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខា ធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) និងលោក សែម ផល្លា នាយកចាត់ការ ទូទៅទិវារត់ប្រណាំង អន្តរជាតិនៅកម្ពុជា និង សមាជិកសហព័ន្ធខ្មែរកីឡាអត្តពលកម្មស័្មគ្រចិត្ត បានអញ្ជើញ ចូលរួមពិធីសន្និសីទសារព័ត៌មាន ស្តីពីព្រឹតិ្តការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៦ លើកទី១១ នៅទីស្នាក់ការ NOCC ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា លោកសូមអំពាវ ដល់កីឡាករ-កីឡាការិនី រត់ប្រណាំងនានា ដែលធ្លាប់ចូលរួមរត់ប្រណាំងនៅព្រឹត្តិការណ៍ផ្សេង ទីតាំងផ្សេងៗ សូមអញ្ជើញចុះឈ្មោះ ឲ្យបានទាន់ពេលវេលា ទៅទទួលយកនូវការរត់ប្រណាំង នៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតទាក់ទាញ ដើម្បីផ្លាស់ប្តូរអារម្មណ៍នៃបរិយាកាសដ៏ស្រស់ស្រាយ នាព្រឹកថ្ងៃទី២២ ខែមីនា ឆាប់ៗខាងមុខនេះឲ្យបានច្រើនកុះករ ។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ អ្នកចុះឈ្មោះជាតិ-អន្តរជាតិបានប្រមាណ ២០០០នាក់ហើយ ក្នុងនោះអ្នករត់ខ្មែរជាង ១៧០០នាក់ និងបរទេសជាង ៣០០នាក់ ខណៈក្តីរំពឹងថានឹងអាច មានអ្នកបន្តចុះឈ្មោះ ចូលរួមជិតដល់ថ្ងៃព្រឹត្តិការណ៍ អាចនឹងកើនឡើងដល់ជាង ២៥០០នាក់ ។ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១១ ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើង នាព្រឹកព្រលឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នៅខេត្តព្រះសីហនុ ដែលទទួលបានការ អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ដែលឱ្យយើងអភិវឌ្ឍវិស័យកីឡា ទេសចរណ៍ កីឡាមហាជន នៅតំបន់ឆ្នេរសមុទ្រ សក្តានុពលដ៏ស្រស់ស្អាតនៅខេត្តមួយនេះ ដែលជាសមាជិកឆ្នេរស្អាតជាងគេនៅលើពិភពលោក។
ព្រឹត្តិការណ៍កីឡារត់ប្រណាំងនេះ ត្រូវរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធជំនាញ ដោយមានការចូលរួមត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងទទួលស្គាល់ ព្រមទាំងជួយផ្សព្វផ្សាយ ទៅកាន់ពិភពលោកដោយគណៈកម្មការម៉ារ៉ាតុងអន្តរជាតិផងដែរ។

អគ្គលេខាធិការ NOCC បន្ថែមថា គូសបញ្ជាក់ថា ការរៀបចំផ្លូវរត់នៅតំបន់ឆ្នេរសមុទ្រដ៏ស្អស់ស្អាតជាងគេ និងវែងជាងគេ ដោយយើងមានមោទនភាពនោះ គឺមានលក្ខណៈពិសេសសម្រាប់កម្ពុជា ហើយបន្តចូលរួមថែរក្សាការពារ បរិស្ថានតាមតំបន់ឆ្នេរ ដែលជាសមាជិក ឆ្នេរស្អាតជាងគេនៅលើពិភពលោក។ បន្តការរៀបចំទិវារត់ប្រណាំង អន្តរជាតិនេះដើម្បីគោលដៅសប្បុរសធម៌ដដែល ដោយការទទួលភាគផលពីការចុះឈ្មោះចូលរួមរបស់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ និងដៃគូឧបតម្ថម្ភនឹងបរិច្ចាគទៅកាន់ផ្នែកសប្បុរសធម៌ ខណៈចំណុចសំខាន់ទី៣ នៅតែបន្តរួមចំណែកជួយជ្រោមជ្រែង ដល់ការថែរក្សាសុខភាព សាធារណៈរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យកីឡារត់ប្រណាំងនេះ ។

លោក សែម ផល្លា នាយកចាត់ការទូទៅ ទិវារត់ប្រណាំង អន្តរជាតិនៅកម្ពុជាបានជម្រាបជូនដែរថា សម្រាប់តម្រាយផ្លូវ រត់ឆ្នាំនេះ បានត្រូវកែ សម្រួលកាន់ តែប្រសើរបន្ថែមទៀត ដោយផ្តល់ឱកាសឲ្យអ្នករត់ទាំងអស់ បានរត់នៅតាមផ្លូវស្រប តាមតំបន់ឆ្នេរកាន់តែច្រើន ។ ចំពោះទីតាំងចេញដំណើរ និងដល់ទីគ្រោងធ្វើឡើងនៅតំបន់អូរឆើទាលដដែល។ សម្រាប់ការវាស់វែង តម្រាយផ្លូវរត់ត្រូវបាន World Marathon បញ្ជូនអ្នកជំនាញ ចុះមកវាស់វែងយ៉ាងលម្អិត ដោយយើងមិនអាចវាស់វែងដោយខ្លួនឯងនោះទេ ពីព្រោះនេះជាខ្នាតអន្តរជាតិ និងជាព្រឹត្តិការណ៍អន្តរជាតិ ដោយកម្ពុជាជាសមាជិកពេញសិទ្ធិរបស់អន្តរជាតិ ។

នាយកចាត់ការទូទៅរូបនេះ បានបន្ថែមថា ចំពោះការចេញដំណើរលើវិញ្ញាសា២១គីឡូម៉ែត្រ ពាក់កណ្តាលម៉ារ៉ាតុង នៅវេលាម៉ោង ៥:១០នាទីព្រឹក, ១០គីឡូម៉ែត្រ វេលាម៉ោង ៥:២៥នាទី ៥គីឡូម៉ែត្រ វេលាម៉ោង ៥:៤០នាទី និងវិញ្ញាសារត់កម្សាន្តលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រត្រូវចេញដំណើរ នៅម៉ោង ៥:៥០នាទី ឬម៉ោង ៦:០០ ដែលមានការចូលរួម ពីកុមារា កុមារី រត់ប្រណាំងកម្សាន្ត ។ សម្រាប់ឆ្នាំនេះ គណៈកម្មការរៀបចំនឹង យកចិត្តទុកដាក់ខ្លាំង អំពីសុវត្ថិភាពផ្លូវរត់ រួមទាំង រថយន្តសង្គោះ បន្ទាន់ជាច្រើនគ្រឿង នៅរង់ចាំតាមគោលដៅនានា ដើម្បីបង្ការក្នុងករណីបញ្ហា សុខភាពរបស់អ្នករត់កើតឡើងជាយថាហេតុ៕

