កីឡា

លោក ប៉ុន សុខ ៖ ការបណ្ដុះបណ្ដាល ធនធានមនុស្សលើចំណេះ និងជំនាញផ្នែកឌីជីថល ជូនដល់បុគ្គលិកអប់រំ គឺជាតួអង្គមួយដ៏សំខាន់

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃ អគ្គនាយកដ្ឋានកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉ន ផ្នែកព័ត៌មានវិទ្យាស្តីពី ការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសមត្ថភាព ស្រង់ទិន្នន័យ និងស្ថិតិកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡា សិស្សនិស្សិត ក្នុងិពធីនេះក៏មានការចូលរួមពីសំណាក់ លោក ឈុន ចាន់ធូ អគ្គនាយករង កញ្ញ គីន សំណាង អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក ដុក គីរីរតន៍ អនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា សិស្ស និស្សិត លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡា ជំនាញនិងកីឡាមហាជន។

កញ្ញា គីន សំណាង អនុប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានបញ្ជាក់ថា វគ្គបំប៉ននេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មានសិក្ខាកាមសរុបចំនួន៨០នាក់ មកពីអង្គភាពក្រោមឱវាទអគ្គនាយក និងសហព័ន្ធ ហើយវគ្គនេះ បានពង្រឹង ពង្រីកចំណេះដឹង និងជំនាញ បន្ថែមទៀត ដល់អ្នកចូលរួមក្នុងការ ប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការទាញ យកទិន្នន័យ និងស្ថិតិកីឡា ហើយក៏បានផ្តល់នូវការយល់ដឹង ដ៏មានតម្លៃចំពោះការវិភាគ និងការគ្រប់គ្រងប្រតិបត្តិការការងារក្នុងកីឡា បានងាយស្រួលផងដែរ។

លោក ប៉ុន សុខ អគ្គនាយក នៃ អគ្គនាយកដ្ឋានកីឡាបានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលធនធានមនុស្សលើចំណេះ និងជំនាញផ្នែកឌីជីថល ជូនដល់បុគ្គលិកអប់រំ គឺ ជាតួអង្គមួយដ៏សំខាន់ ដែលយើងទាំងអស់គ្នាត្រូវ យកចិត្តទុកដាក់ រៀបចំធ្វើបច្ចុប្បន្នភាពជាប្រចាំ ឲ្យបានទាន់បច្ចេកវិទ្យានៅលើសកលលោក កំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្ម។ ការពង្រឹងសមត្ថភាពផ្នែកព័ត៌មានវិទ្យា ឲ្យមានការយល់ដឹងរបស់ខ្លួនបន្ថែមទៀត គឺជាការចូលរួម ដើម្បីធានាឲ្យបាន នូវប្រើប្រាស់ព័ត៌មានវិទ្យាក្នុងការចុះឈ្មោះ និងការងារផ្សេងៗទៀត ឲ្យមានគុណភាព សម្រាប់ដំណើរព្រឹត្តិការណ៍ កីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោក អគ្គនាយក បានបន្តថា ក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ការរួមបញ្ចូលនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) នៅក្នុងកីឡាបានផ្លាស់ប្តូរវិធីដែលទិន្នន័យ និងស្ថិតិត្រូវ បានប្រមូល វិភាគ និងប្រើប្រាស់ និងបង្ហាញអំពីសារៈសំខាន់ នៃការបញ្ចូលព័ត៌មានវិទ្យា ទៅក្នុងវគ្គសិក្សា ត្រូវបានរចនាឡើងសម្រាប់សិក្ខាកាម ដោយផ្តោតលើទិន្នន័យកីឡា និងការប្រមូលស្ថិតិ ។ តាមរយៈការប្រើប្រាស់ បច្ចេកវិជ្ជាទំនើប សិក្ខាកាមអាចបង្កើនការយល់ដឹងអំពីការវិភាគទិន្នន័យ កែលម្អដំណើរការធ្វើការសម្រេចចិត្ត និងចុងក្រោយរួមចំណែកដល់ការឈានទៅមុខនៃការអនុវត្ត និងការគ្រប់គ្រងកីឡា បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា សម្រាប់ការទាញយកទិន្នន័យកីឡា និងស្ថិតិ ដោយផ្តោតលើវិធីសាស្រ្ត ឧបករណ៍ និងការអនុវត្តល្អបំផុតដែលអាចនាំទៅរកការវិភាគកាន់តែត្រឹមត្រូវ និងច្បាស់លាស់។

លោក ប៉ុន សុខបានបញ្ជាក់ថាជាថ្មីម្ដងទៀតតាងនាមអគ្គនាយកដ្ឋានកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសង្ឃឹមជឿជាក់ថា អស់លោក លោកស្រីជាសិក្ខាកាមទាំងអស់ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡានាពេលនេះ ។ ខ្ញុំក៏សូមសម្ដែងនូវការកោតសរសើរ ចំពោះមន្រ្តីជំនាញ លោកគ្រូឧទ្ទេស និង សិក្ខាកាមទាំងអស់ ដែលបានមើលឃើញពីគុណតម្លៃ នៃការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យានា សម័យ ទំនើប ក្នុងប្រតិបត្តិការការងារ និងបានរៀបចំខ្លួនចូលរួមសិក្សាវគ្គនេះ ប្រកបដោយការយក ចិត្តទុកដាក់ខ្ពស់ ដើម្បីជាមូលដ្ឋានបំណិនឌីជីថល បន្ថែមសម្រាប់មន្រ្តី តាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា ក៏ដូចមន្រ្តីទីភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុដូប៉ាកម្ពុជា៕

Most Popular

To Top