ភ្នំពេញ ៖ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងនៅកម្ពុជាបានលើកឡើងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ឆ្នាំ២០២៦ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនានេះ ទទួលបានការចូលរួមកើនឡើង២០ភាគរយ បើបៀបនឹងឆ្នាំមុន ដោយសារឆ្នាំនេះមានអ្នករត់ជាតិ-អន្តរជាតិជាង ៤០០០នាក់ ក្នុងនោះអ្នករត់ជាស្ត្រីមាន រហូតដល់ ៦៥ ភាគរយ ខណៈអ្នករត់ជាបុរស មាន២៥ ភាគរយ ។

លោក សែម ផល្លា បានបង្ហាញនូវឆន្ទៈ យ៉ាងមោះមុតថា ការរៀបចំឆ្នាំនេះទទួលបានភាពជោគជ័យជាងឆ្នាំមុនៗ ដោយសារអ្នកចូលរួមកើនឡើង ច្រើន ជាងឆ្នាំមុន ហើយការរៀបចំផ្លូវរត់ដំណើរការដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ ។ កីឡាករ-កីឡាការិនីទាំងអស់បានបង្ហាញ ក្តីរីករាយ ក្នុងការចូលរួមរត់ប្រណាំងនេះ ។ នៅឆ្នាំ២០២៧ខាងមុខ គណៈកម្មការរៀបចំនឹងប្រឹងប្រែងរៀប ចំឲ្យកាន់តែល្អប្រសើរ និងបំផុសស្មារតី ដល់មហាជនចូលរួមរត់ប្រណាំង ឱ្យបានច្រើនជាងឆ្នាំ២០២៦ ដោយលោកបានដាក់គោលដៅថា នឹងអាចកើនឡើងដល់ ៥០០០នាក់ តាមរយៈការបំផុសផ្សព្វផ្សាយឱ្យកាន់ តែទូលាយ ជាពិសេសបើកការចុះឈ្មោះឱ្យបានច្រើនខែ មុនព្រឹត្តិការណ៍ចូលមកដល់ ។

នាយកចាត់ការទូទៅរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលតែងតែចូលរួមរត់ប្រណាំង យ៉ាងសកម្មនៅគ្រប់ព្រឹត្តិការណ៍ រត់ប្រណាំងទាំងអស់ ក្រោមការរៀបចំរបស់ NOCC និងដៃគូសហការព្រមទាំងម្ចាស់ឧបត្ថម្ភគាំទ្រទាំងអស់ ដោយការចូលរួមទាំងអស់នេះពិតជាមានគុណតម្លៃធំធេងណាស់ ក្នុងការជំរុញឲ្យព្រឹត្តិការណ៍របស់យើងដំណើរការដោយរលូន និងជោគជ័យដ៏ធំធេងប្រកប ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ។

លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ថា អ្នករត់ប្រណាំងទាំងបុរស និងស្ត្រីបានចូលរួមរត់ប្រណាំង អបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី១១៥ ឆ្នាំ២០២៦ ដែលបានបង្ហាញពីការរួបរួមសាមគ្គីគ្នា ក្នុងវិស័យកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបរិយាបន្ន។ កាលពីយើងចូលរួមលេងកីឡាបានច្រើន នោះសុខភាពយើងល្អមាំមួន ប្រាជ្ញាស្មារតីភ្លឺថ្លា ហើយបើកាលណាសុខភាពប្រជាពលរដ្ឋបានល្អ ក៏យើងអាចប្រកបការងារបានល្អប្រសើរ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិផងដែរ៕

