កីឡា

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារី របស់ ISF អបអរសាទរទិវានារីអន្តរជាតិ ជាមួយកីឡាការិនីជាង ៥៤០ នាក់ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ នាថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៦ កីឡាការិនីបាល់ទាត់វ័យក្មេងជាង ៥៤០ នាក់ បានមកជួបជុំគ្នានៅភ្នំពេញដើម្បីអបអរសាទរ ទិវានារីអន្តរជាតិ តាមរយៈកីឡា ក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់នារីប្រចាំឆ្នាំរបស់ ISF ដែលបង្ហាញពីកម្លាំង និងស្មារតីកាន់តែរីកចម្រើន នៃកីឡាបាល់ទាត់នារីនៅកម្ពុជា ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំនៅទីលានកីឡា ISF ដោយបានប្រមូលផ្តុំកីឡាការិនីជាង ៥៤០ នាក់ពីក្រុមចំនួន ៤៥ មកពីខេត្តចំនួន ៩ ក្នុងប្រទេសកម្ពុជា រួមមាន កំពង់ធំ កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ កំពត កំពង់ស្ពឺ សៀមរាប រតនគិរី និងភ្នំពេញ។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពី ក្រុមជនជាតិភាគតិចពីខេត្តរតនគិរី ក្រុមកុមារជនភៀសខ្លួន តាមព្រំដែនពីខេត្តបាត់ដំបង និងក្រុមកីឡាការិនីថ្លង់ ដែលបានបង្កើតបរិយាកាស ពោរពេញដោយការប្រកួតប្រជែង សាមគ្គីភាព និងការលើកទឹកចិត្តសម្រាប់កីឡាការិនីវ័យក្មេង។
ក្រុមនានាបានប្រកួតក្នុង ៣ ប្រភេទ អាយុ រួមមាន អាយុក្រោម ១០ ឆ្នាំ អាយុក្រោម ១៤ ឆ្នាំ និងអាយុក្រោម ១៨ ឆ្នាំ ដោយកីឡាការិនីបានបង្ហាញ ពីជំនាញខ្ពស់ការខិតខំប្រឹងប្រែង និងស្មារតីកីឡាក្នុងអំឡុងពេលប្រកួតពេញមួយថ្ងៃ។ ក្រុមជាច្រើនបានធ្វើដំណើរមកពីបណ្តាខេត្តនានាទូទាំងប្រទេស និងពី សាលាដៃគូរបស់ ISF នៅរាជធានីភ្នំពេញ ដែលបង្ហាញពីការពង្រីក និងឥទ្ធិពលកាន់តែធំនៃការអភិវឌ្ឍកីឡាបាល់ទាត់នារីនៅកម្ពុជា។
ការប្រកួតឆ្នាំនេះក៏មានន័យពិសេស ព្រោះជាឆ្នាំដែល ISF ប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំនៃការប្រើប្រាស់កីឡា និងការអប់រំ ដើម្បីគាំទ្រកុមារ និងយុវជនដែលមានភាពខ្វះខាតនៅកម្ពុជា។ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ISF បានបង្កើតឱកាសសម្រាប់យុវជនរាប់ពាន់នាក់តាមរយៈកីឡា ហើយការរីកចម្រើនបន្តបន្ទាប់នៃកីឡាបាល់ទាត់នារី គឺជាសញ្ញាសំខាន់មួយនៃដំណើរនេះ ។

ព្រឹត្តិការណ៍នេះក៏បានប្រមូលផ្តុំ ដៃគូ អ្នកគាំទ្រ និងភាគីពាក់ព័ន្ធសំខាន់ៗមានការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ សមភាពយេនឌ័រ តាមរយៈកីឡា។ ការគាំទ្របន្តរបស់ពួកគេជួយធានាថា ក្មេងស្រីមានឱកាសចូល រួមក្នុងបរិយាកាសដែលមានសុវត្ថិភាព និងរួមបញ្ចូលគ្នា ដែលអាចជួយអភិវឌ្ឍភាពជឿជាក់ លើខ្លួនឯង ជំនាញភាពជាអ្នកដឹកនាំ និងក្ដីស្រឡាញ់ចំពោះកីឡាបាល់ទាត់។
ក្នុងអំឡុងពេលប្រកួតពេញមួយថ្ងៃ ក្រុមនានាបានប្រកួតយ៉ាងស្វិតស្វាញ មុនពេលព្រឹត្តិការណ៍ បញ្ចប់ដោយ ការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏រំភើប ក្នុងគ្រប់ប្រភេទអាយុ ដើម្បីអបអរសាទរជោគជ័យរបស់ក្រុមជើងឯក និងក្រុមទាំងអស់ដែលបានចូលរួម ។
លើសពីការប្រកួតកីឡា ព្រឹត្តិការណ៍នេះ ក៏បានក្លាយជាវេទិកាសំខាន់មួយសម្រាប់កីឡាការិនីវ័យក្មេង ក្នុងការជួបជុំ បង្កើតមិត្តភាព និងជំរុញទឹកចិត្តគ្នាទៅវិញ ទៅមក ដែលបង្ហាញពីអំណាចនៃកីឡាក្នុងការបង្កើតឱកាស និងលើកកម្ពស់សមត្ថភាពរបស់ក្មេងស្រី ។
ការប្រកួតបាល់ទាត់នារីរបស់ ISF បន្តដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ភាពលេចធ្លោនៃកីឡាបាល់ទាត់នារី នៅកម្ពុជា ខណៈអបអរសាទរទេពកោសល្យ សក្តានុពល និងការខិតខំប្រឹងប្រែងរបស់កីឡាការិនីជំនាន់ក្រោយរបស់ប្រទេសកម្ពុជា៕

Most Popular

To Top